កិច្ចប្រជុំអន្តរក្រសួងតំណាងអោយរាជរដ្ឋាភិបាល ជាមួយវិស័យឯកជនផ្នែកថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដែលមានសមាសភាពចូលរួមមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាមួយសហគមន៏ដឹកជញ្ជូនកម្ពុជា ដែលប្រព្រឹត្តនៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៣ នាស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ។
របៀបវីរ:នៃកិច្ចប្រជុំ រួមមានការបង់ថ្លៃចំណតឆ្លងកាត់ ការដឹកជញ្ជូនលើសទម្ងន់ ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន ការអនុវត្តអនុក្រិត្យស្តីពីការគ្រប់គ្រងអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក ការកកស្ទះរថយន្តដឹកកុងតឺន័រនៅកំពងផែព្រះសីហនុ និងការផាកពិន័យ ការបង់ថ្លៃលើការលើកដាក់ទំនិញ ការដឹកជញ្ជូនឆ្លងដែន ការត្រួតពិនិត្យយានយន្ត ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែនជាមួយប្រទេសថៃ ហើយនិងការហាមឃាត់រថយន្តដឹកទំនិញចូលក្រុងនៅពេលថ្ងៃ ។
បន្ទាប់ពីវាគ្មិននៃអង្គពិធីបានលើកឡើងអំពីបញ្ហាប្រឈម និងវិធីសាស្រ្តដោះស្រាយរួចមក ឯកឧត្តម រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានលើកឡើង ការរួមគ្នា រិះរកមធ្យោបាយដោះស្រាយបញ្ហាខាងលើនេះ ទាំងតំណាងរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន គឺជាកំលាំងចលករមួយ យ៉ាងមានសារ:សំខាន់ ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម ក៏ដូចជាការទប់ស្កាត់បទល្មើសផ្សេងៗ ដែលផ្ទុយនិងច្បាប់ដែលបានចែងក្នុងក្របខ័ណ្ឌដឹកជញ្ជូននៅកម្ពុជា មិនតែប៉ុណ្ណោះថែមទាំងចូលរួមការពារថែរក្សាសម្បត្តិសាធារណ:របស់រដ្ឋ ព្រមទាំងសុខសុវត្ថិភាពថែមទៀត ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋភិបាលបានចាត់ទុកវិស័យឯកជនជាវិស័យ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ដូច្នេះរាជរដ្ឋាភិបាលរង់ចាំជានិច្ចចំពោះការចូលរួមជាគន្លិះ ដោះស្រាយនូវអ្វីដែលជាបញ្ហាប្រឈម ធ្វើអោយរាំងស្ទះដល់ដំណើរការសេវាដឹកជញ្ជូន នៃអាជីវកម្មរបស់បងប្អូន ប៉ុន្តែរាល់ដំណោះស្រាយទាំងអស់ធ្វើយ៉ាងណាអោយមានតម្លាភាព និងភាពស្មើគ្នាក្នុងក្របខ័ណ្ឌច្បាប់ ។ ដោយឡែកចំពោះបញ្ហាដែលវិស័យឯកជនបានស្នើឡើង ក្រសួងសាធារណការតំណាងអោយរាជរដ្ឋាភិបាលនិងធ្វើការពិចារណាឈានទៅដោះស្រាយអោយបានសមស្របបំផុត
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើសុំដល់វិស័យដឹកជញ្ជូនឯកជនផងដែរ អោយគោរពច្បាប់ ដូចជាការដឹកលើសទម្ងន់ ការតទ្រង់រថយន្ត ការប្រើប្រាស់ភ្លើងសញ្ញារថយន្តអោយបានត្រឹមត្រូវ និងត្រូវប្រើប្រាស់សំបកកង់រថយន្តអោយមានគុណភាពល្អ ពិសេសការគោរពច្បាប់បើកបរ ដើម្បីជៀសវាងបញ្ហាគ្រោះថ្នាក់ចរាចរណ៏ ដែលជាបញ្ហាមួយធ្វើអោយមានការខាតបង់ដល់ថវិការជាតិ និងសោកនាថថកម្មដល់សង្គមគ្រួសារផងដែរ ។