នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ៥០C ចាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡុម៉ែត្រលេខ (១៦០+៣០០) នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឆ្ពោះទៅព្រំប្រទល់តំបន់គោកព្រះ ភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រវែង១៩គីឡូម៉ែត្រ។
ផ្លូវជាតិលេខ៥០C នេះ ជាផ្លូវរទេះ ដែលប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ទំនាក់ទំនងការរស់នៅ និងប្រកបមុខរបររកស៊ី ដោយធ្វើដំណើរបានតែក្នុងរដូវប្រាំងទេ រីឯរដូវវស្សាគឺត្រូវទឹកលិច អាចធ្វើដំណើរបានតែតាមទូក ឬកាណូតទៅមក ហើយសក្តានុពល សំខាន់គឺដឹកជញ្ជូនកសិផល មានដំណាំ ស្រូវ ពោត និងររបរនេសាទ រវាងប្រជាពលរដ្ឋរស់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។





