រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅក្នុងដំណើរបេសកកម្ម ចុះត្រួតពិនិត្យបណ្តាញផ្លូវ គណៈប្រតិភូជំនាញបច្ចេកទេសស្ពាន ថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ នៅលើបណ្តាញផ្លូវខេត្តលេខ៣១០ លេខ៣៨៦ លេខ៣១៣A ស្ថិតនៅក្នុងស្រុកពាមជរ ស្រុកមេសាង និងស្រុកបាភ្នំ ខេត្តព្រៃវែង។
នៅក្នុងដំណើរនៃការចុះពិនិត្យនេះ គណៈប្រតិភូ បានចាប់ផ្តើមពិនិត្យការដ្ឋានស្ថាបនាផ្លូវ នៅលើកំណាត់ផ្លូវខេត្តលេខ៣១០ ជាប្រភេទផ្លូវដីសរ តូចចង្អៀត ដែលបំបែកចេញពីផ្លូវជាតិលេខ១ ត្រង់គីឡូមម៉ែត្រលេខ៦១ ក្នុងទីប្រជុំជនអ្នកលឿង ស្រុកពាមជរ ខេត្តព្រៃវែង អែបខាងស្តាំងដៃតាមដងទន្លេមេគង្គ ទៅព្រំប្រទល់វៀតណាម មានប្រវែង៤២គីឡូម៉ែត្រ។ បច្ចុប្បន្ននេះ ផ្លូវខេត្តលេខ៣១០នេះ ការសាងសង់សម្រេចបានលទ្ធផល ក្នុងនោះរួមមាន បានចាក់ក្រាលកៅស៊ូ DBST ប្រវែង៣គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ ចិញ្ចើមគ្រួសក្រហម១ម៉ែត្រសងខាង ពីគីឡូម៉ែត្រ៥+៧៥០ ដល់គីឡូម៉ែត្រ៨+៨១០ ការងារចាក់ដីស លើកតួរផ្លូវ និងចាក់ល្បាយខ្សាច់ភ្នំ ប្រវែង៥គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ ពីគីឡូម៉ែត្រ២៨+៩៨០ ដល់គីឡូម៉ែត្រ៣៤+០០០ ការងារស្ថាបនាស្ពានបេតុងចំនួន២កន្លែង ប្រវែងសរុប៨៤ម៉ែត្រ ទទឹង៨ម៉ែត្រ ពីគីឡូម៉ែត្រ៣៣+៦២៥ និងគីឡូម៉ែត្រ៣៤+៨១៥ ការងារស្ថាបនាលូជ្រុងមុខពីរ ចំនួន១កន្លែង ប្រវែងសរុប ៦ម៉ែត្រ ត្រង់គីឡូម៉ែត្រ៣២+៤៥០ ការងារពង្រីកលូមូលមុខពីរ មុខកាត់១ម៉ែត្រ ចំនួន១កន្លែង ប្រវែងសរុប ៤ម៉ែត្រ ត្រង់គីឡូម៉ែត្រ២៨+៤៤៤ កំណាត់ផ្លូវខេត្តនេះ អនុវត្តការសាងសង់ដោយនាយកដ្ឋានស្ថាបនាក្រសួងមហាផ្ទៃ ដោយប្រើប្រាស់គម្រោងថវិកាជាតិ។ រីឯកំណាត់ផ្លូវខេត្តលេខ៣៨៦ មានប្រវែង២៧គីឡូម៉ែត្រ៧០០ម៉ែត្រ ស្ថិតនៅក្នុងស្រុកមេសាង និងកំណាត់ផ្លូវខេត្តលេខ៣១៣A មានប្រវែង២៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន ការស្ថាបនាសម្រេចបានលទ្ធផលរួមមាន បាកចាក់ក្រាលកៅស៊ូ ប្រភេទDBST និងផ្លូវក្រាលក្រួសក្រហម និងដីខ្សាច់ស បានខ្លះៗហើយ ដោយអនុវត្តការសាងសង់ដោយនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ ប្រើប្រាស់គម្រោងថវិកាជាតិក្នុងផែនការឆ្នាំ២០១៥-២០១៦។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានណែនាំដល់ក្រុមហ៊ុនដែលជាអ្នកទទួលបន្ទុកសាងសង់ ត្រូវកាយដីចាស់ចោល និងត្រូវធ្វើការកិនបង្ហាប់ស្រទាប់គ្រឹះបាតក្រោមឲ្យបានហាប់ណែនល្អ ជាពិសេសត្រូវធ្វើការជ្រើសរើសកៅស៊ូ ដែលមានគុណភាពល្អ មុននឹងចាប់ផ្តើមចាក់ក្រាលកៅស៊ូ លើសពីនេះទៀត នៅត្រង់ចំណុចនៃការតភ្ជាប់មុខតំណរនីមួយៗ ត្រូវធ្វើការសាងសង់ឲ្យបានស្អាតល្អ ជៀសវាងមានលក្ខណៈខ្ពស់ទាប ហើយលើការងារស្ថាបនានេះដែរ គឺត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃស្តង់ដារអន្តរជាតិ ដើម្បីឲ្យទទួលបាននូវប្រសិទ្ធិភាព និងគុណភាពខ្ពស់ រួមទាំងត្រូវគិតពីសោភ័ណ្ឌភាពឲ្យបានល្អ និងរួចរាល់ទៅតាមពេលវេលានៃកិច្ចព្រមព្រៀងដែលបានកំណត់។ ដោយឡែក ចំពោះការងារស្ថាបនា ស្ពាន និងលូ ត្រូវធ្វើការចាក់គ្រឹះ និងបង្ហាប់ឲ្យបានណែនល្អ ជៀសវាងការជ្រាបទឹក ដើម្បីឲ្យការស្ថាបនាបានរឹងមាំ និងប្រើប្រាស់បានយូរ។ ក្នុងឱកាសនេះ ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានជំរុញឲ្យអ្នកទទួលបន្ទុកសាងសង់ ត្រូវដាក់ស្លាក់សញ្ញា ភ្លើងសំគាល់ នៅគ្រប់ការដ្ឋានសាងសង់នីមួយៗ ឲ្យបានជាប់ជាប្រចាំ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅពេលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក។ជាមួយគ្នានេះ បញ្ហាសំខាន់មួយទៀតនោះ គឺអ្នកទទួលបន្ទុកសាងសង់ទាំងអស់ ត្រូវធ្វើការស្រោចទឹកឲ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយនៅលើបញ្ហា ការហុយធូលីដី ទៅលើលំនៅដ្ឋានរបស់ប្រជាពលរបស់រដ្ឋនៅតាមសង្ខាងផ្លូវ ក៏ដូចជាការធ្វើដំណើរទៅមក របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕



