នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ តំណាងវិស័យឧស្សាហកម្មដឹកជញ្ជូនកម្ពុជា ដែលរួមមាន៖ សមាគមដឹកជញ្ជូនផ្លូវគោកកម្ពុជា (CAMTA) សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) សមាគមរថយន្តក្រុងកម្ពុជា (CAMBA)។
នេះគឺជាកិច្ចប្រជុំមួយដើម្បី ពិភាក្សាបន្ថែមទៀតអំពីបញ្ហាប្រឈម ដែលបានជួបប្រទះដោយវិស័យឧស្សាហកម្មដឹកជញ្ជូនក្នុងគោលបំណងស្វែងរកដំណោះស្រាយ ដែលអាចធ្វើបានដើម្បីកាត់បន្ថយ ការចំណាយលើការដឹកជញ្ជូននៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យតំណាងឧស្សាហកម្មដឹកជញ្ជូន កាត់បន្ថយថ្លៃដឹកជញ្ជូនរបស់ខ្លួន ឲ្យស្របទៅនឹងការធ្លាក់ចុះតម្លៃប្រេង ការលុបចោលការយកលុយ សម្រាប់ការប្រើប្រាស់ផ្លូវជាតិលេខ៤ និងការកាត់បន្ថយថ្លៃលើកដាក់ទំនិញនៅកំពង់ផែចំនួន១០% ។ យោងតាមលទ្ធផល នៃកិច្ចប្រជុំនេះឲ្យដឹងថា៖ ក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ បានយល់ព្រមកាត់បន្ថយតម្លៃដឹកជញ្ជូន ចំនួន១០ដុល្លារ ក្នុងមួយកុងទ័រណឺ៤០ហ្វីត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន ដាក់របាយការណ៍ជាក់លាក់របស់ខ្លួន មកក្រសួងដោយរៀបរាប់អំពី ការចំណាយលម្អិត នៃប្រតិបត្តិការ ដើម្បីឲ្យក្រសួងធ្វើការកំណត់ពីរបៀប បន្ថយថ្លៃដឹកជញ្ជូនបន្ថែមទៀត។