នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមការរត់ប្រណាំងភ្នំពេញពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិ លើកទី៦ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តមមុនីនាថសីហនុ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ កម្មវិធីនេះរៀបចំរួមគ្នាដោយអ្នករៀបចំព្រឹត្តិការណ៍កម្ពុជា ក្រសួងទេសចរណ៍ (MoT) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត (ខ្មែរAAF) ស្របពេលជាមួយគ្នានឹងទិវាបរិស្ថានពិភពលោក និងដើម្បីរំលឹកទិវាអូឡាំពិកលើកទី១២០ផងដែរ។
ការរត់ប្រណាំងនេះក៏មានគោលបំណងជួយគាំទ្រផ្នែកសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផា និងទីក្រុងបៃតងផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុខុមាលភាពរបស់មនុស្សនិងចំណងមិត្តភាព។ ការប្រកួតនេះ មានទីចាប់ផ្តើមរត់ប្រណាំងនិងទីបញ្ចប់ ឋិតនៅចំពីមុខព្រះបរមរាជវាំងនៅក្បែរទន្លេមេគង្គ និង មានរយៈចម្ងាយបីប្រភេទសម្រាប់អ្នករត់ប្រណាំងគឺ៖ ការរត់ប្រណាំង៣គីឡូម៉ែត្រ ការរត់ប្រណាំង១០គីឡូម៉ែត្រ និងការរត់ប្រណាំងម៉ារ៉ាតុង២១.១គីឡូម៉ែត្រ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺជាអ្នកចូលរួមរត់ប្រណាំងដែលបានចូលរួមជាទៀងទាត់រៀងរាល់ឆ្នាំមួយរូបនៅក្នុងការរត់ប្រណាំងក្នុងទិវាអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត។ ហើយឆ្នាំនេះជាលើកដំបូងហើយដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចូលរួមការរត់ប្រណាំងក្នុងទិវាអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅរាជធានីភ្នំពេញ។
គួរឱ្យកត់សម្គាល់ផងដែរថា៖ មានមន្ត្រីរាជការប្រមាណជាង៦០រូបមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានអញ្ជើញឱ្យចូលរួមតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងស្មារតីនៃការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពកាន់តែជិតស្និទ្ធក្នុងចំណោមមន្ត្រីរាជការរបស់ក្រសួងនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ចប់ការរត់ចំងាយ២១ គីឡូម៉ែត្រ ជាមួយនឹងការប្រើថេរៈវេលាចំនួនពីរម៉ោង បីនាទី និង២៤ វីនាទី ដែលឋិតក្នុងចំណាត់ថ្នាក់ទី៦១នៃអត្តពលិកទាំងអស់។

























