ព្រឹកថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន អមដោយថ្នាក់ដឹកនាំមួយចំនួន ព្រមទាំងមន្ត្រីអាជ្ញាធរ ស្រុកកោះធំ បានចុះធ្វើយុទ្ធនាការ បិតផ្លាកសុវត្ថិភាពចរាចរណ៍លើយានជំនិះ របស់សិស្សានុសិស្ស តាមបណ្តាសាលារៀន តាមផ្ទះប្រជាពលរដ្ឋទូទៅ និងទីសាធារណៈនានា ទូទាំងស្រុកកោះធំ ក្នុងខេត្តកណ្តាល។
កង់ ម៉ូតូ រ៉ឺម៉កសណ្តោង និង គោយន្តកែឆ្នៃ សរុបប្រមាណ ជិត២០.០០០ គ្រឿង នៅក្នុងស្រុកកោះធំ ត្រូវបានបិតដោយ ផ្លាកសុវត្ថិភាពចរាចរណ៍ទាំងនេះ ដើម្បីចូលរួមចំណែក ការការពារសុវត្ថិភាពប្រជាពលរដ្ឋ បើកបរពេលយប់។ ក្នុងការចុះយុទ្ធនាការបិតផ្លាកសុវត្ថិភាពនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងនាមក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានផ្តាំផ្ញើរដល់ក្មួយៗ សិស្សានុសិស្ស និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ឲ្យចេះថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស ពេលបើកបរ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច។