កាលពីព្រឹកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៤ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីផ្លូវការចាក់ធ្នឹមប្រអប់ស្ពានតភ្ជាប់គ្នានៃស្ពាន មិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែងក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន និងមានការចូលរួមរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្នកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទាននិងអភិវឌ្ឍន៏កម្ពុជា ឯកឧត្តម ស៊ុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន និងមន្រ្តីជាន់ខ្ពស់នៃក្រសួងស្ថាប័នខាងលើ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។ រីឯខាងភាគីចិន មានការចូលរួមរបស់ ឯកឧត្តម សុង សៀវគ័រ ទីប្រឹក្សាសេដ្ឋកិច្ចអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងសហការី គណៈគ្រប់គ្រងក្រុមហ៊ុនសៀងហៃគ្រុប ប្រចាំនៅកម្ពុជា និងគណៈគ្រប់គ្រងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសំណង់ ក្វាងចូវវ៉ាន់អាន។
ក្នុងឱកាសនៃពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវត្ដមានដ៏ឧត្ដុង្គឧត្ដមរបស់ឯកឧត្ដម សុង សៀវគ័រ ទីប្រឹក្សាសេដ្ឋកិច្ច-ពាណិជ្ជកម្ម តំណាងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅ កម្ពុជា កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមប្រធានក្រុមប្រឹក្សា ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្ដមលោកជំទាវភ្ញៀវកិត្ដិយសជាតិ អន្ដរជាតិ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមពិធីប្រកបដោយអត្ថន័យជ្រាលជ្រៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បាន បញ្ជាក់ថា ការចាក់បេតុងធ្នឹមប្រអប់ស្ពាន តភ្ជាប់សំណង់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រែង ឆ្លងកាត់ ទន្លេមេគង្គនៅពេលនេះ គឺជានិមិត្តរូប និងជាសក្ខីកម្មបង្ហាញឱ្យឃើញបន្ថែមនូវការតភ្ជាប់ និងការពង្រឹងចំណងទំនាក់ទំនងមេត្រីភាពជាបងប្អូន កិច្ចសហប្រតិបត្តិការដ៏យូរលង់ និង ទូលំទូលាយលើគ្រប់វិស័យ រវាងកម្ពុជា-ចិន ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលនៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋា-ភិបាលកម្ពុជា អាណត្តិ នីតិកាលទី៥នៃរដ្ឋសភាជាតិដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីឈានទៅសំរេចគោលដៅក្នុងការលើកស្ទួយនិង អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ខាងមុខ។
ជាមួយនេះដែរ ឯកឧត្តមទីប្រឹក្សាស្ថានទូត សុង សៀវគ័រ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សេដ្ឋកិច្ចកម្ពុជា និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងប្រទេសទាំង ពីរគឺ កម្ពុជា និង ចិន។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ប៉ុន្មានឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាល កម្ពុជា បានកំណត់គោលដៅសហប្រតិបត្តិការ រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុផ្តល់ដើមទុន ដែលជាម៉ូដែលធ្វើសហប្រតិបត្តិការ ទទួលបានសមិទ្ធផលជាច្រើន ពិសេសការកសាងហេដ្ឋា រចនាសម្ព័ន្ធ មាន ផ្លូវថ្នល់ ស្ពាន ធារាសាស្រ្ត និងអគ្គសនី។ ជាក់ស្តែង ការតភ្ជាប់ស្ពានទន្លេមេគង្គស្ទឹងត្រែងនេះ ជាសញ្ញាកំណត់បង្ហាញនូវការបោះជំហានឆ្ពោះទៅមុខនៃកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ ស៊ីជំរៅកាន់តែខ្លាំង និងមានទំហំធំធេងថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលឯកឧត្តមជឿជាក់ថានឹងត្រូវបានបន្តពព្រឹងនិងឈានឡើងមួយកម្រិតថ្មីថែមទៀត។
កិត្តិសេដ្ឋបណ្ឌិត គាត ឈន់ បានគូសបញ្ជាក់ថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង គឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ៩ ពីធារាបរិវត្ត ខេត្តស្ទឹងត្រែង ដល់ក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោមឥណទានសម្បទានផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបានចូលរួមសំដែងអំណរសាទរជាមួយនឹងប្រជាជនរស់នៅជុំវិញតំបន់ នេះ និងប្រជាជនទូទាំងប្រទេស ដែលនឹងទទួលបាននូវស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវជាតិ លេខ៩ មួយខ្សែទៀត ដែលពិតជានឹងសម្រួលដល់ការធ្វើដំណើរ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ។ គិតត្រឹមថ្ងៃនេះគឺមានរយ:ពេលពីរឆ្នាំ និងមួយខែ ចាប់តាំងពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៩ ពីធារាបរិវត្ត ខេត្តស្ទឹងត្រែង ដល់ក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ។ ទន្ទឹមនឹងនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្តល់នូវហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានយ៉ាងច្រើនដោយគ្មានលក្ខខណ្ឌស្មុគ្រស្មាញ សម្រាប់ការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល គឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរ។ ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ហិរញ្ញប្បទានឥតសំណង និងកម្ចីសម្បទានសម្រាប់ការស្តារ និងអភិវឌ្ឍផ្លូវ ស្ពាន និងកំពង់ផែ រហូតមកដល់ពេលនេះ សរុបប្រមាណ ១៥០០ លានដុល្លារ ត្រូវបាននិងកំពុងតែសាងសង់ដើម្បីបម្រើឲ្យគមនាគមន៍ដឹកជញ្ជូន និងការតភ្ជាប់ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងព្រះរាជាណាចក្រកម្ពុជាផង តភ្ជាប់ជាមួយប្រទេសជិតខាងផង និងដើម្បីអភិវឌ្ឍន៍តំបន់តាមព្រំដែនរបស់កម្ពុជាផង និង រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្រាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានបញ្ជាក់ថា ការសាងសង់ផ្លូវជាតិនេះ ជាពិសេសស្ពានដ៏វែងឆ្លងកាត់ទន្លេមេគង្គ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជាដែលជាលទ្ធផលជាក់ស្តែងនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍនៅគ្រប់ទិសទីក្នុងប្រទេស ខាងកើត ខាងលិច ខាងជើង ខាងត្បូង ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ក៏ដូចជាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ដោយជួយបំព្រួញគម្លាតគោលដៅដាច់ស្រយាល និងតំបន់តាមព្រំដែន ជាមួយតំបន់នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យមានភាពងាយស្រួល ក្នុងការធ្វើចរាចរណ៏ទំនាក់ទំនងផ្លាស់ប្តូរផលិតផល រវាងប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ជាមួយនឹងប្រជាពលរដ្ឋនៅគ្រប់ទិសតំបន់នៅក្នុងប្រទេស និង តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត ។ ជាមួយគ្នានេះ គម្រោងសាងសង់ស្ពាននិងផ្លូវជាតិនេះ គឺជាការការឆ្លើយតបទៅនឹងការគិតគូររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានសិក្សាឃើញថាក្នុងក្របខ័ណ្ឌតំបន់ ផ្លូវលេខ៩នេះ គឺជាផ្នែកមួយនៃអនុរបៀងទី២នៃរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់ទន្លេមេគ្គង (GMS) ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងអាចជួយដល់ការធ្វើសមាហរណកម្មមហាអនុតំបន់មេគង្គនិងតំបន់ ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ដឹកជញ្ជូន និង ទេសចរណ៍រវាងប្រទេស ថៃ កម្ពុជា ឡាវ និងវៀតណាម និងជារបៀងសម្រាប់បម្រើដល់វិស័យទេសចរណ៏នៃបិតិកភណ្ឌពិភពលោកនៅអង្គរសៀមរាប និងព្រះវិហារផងដែរ។ ស្ពាននេះក៏បានរួមចំណែកបម្រើដល់ការតភ្ជាប់តំបន់ត្រីកោណមរកតកម្ពុជា-ឡាវ-ថៃ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងបម្រើក្របខ័ណ្ឌនៃយុទ្ធសាស្ដ្រនៃកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចទន្លេមេគង្គ-ចៅប្រាយ៉ា-ឥរ៉ាវតី (ACMECS) ដែលមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ដែលនឹងនាំឲ្យមានសន្តិភាព សុវត្ថិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលនឹងជួយដល់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងចិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជានិងប្រទេសក្នុងមហាអនុតំបន់មេគង្គផងដែរ។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ក៏បានសំដែងនូវការកោតសសើរ និងបន្តជួយជំរុញលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និយោជិតនៃក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដីខេត្តស្ទឹងត្រែង ក្រចេះ សៀមរាប និងព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កំលាំងកាយចិត្តរួមសហការអនុវត្តយ៉ាងសកម្ម ក្នុងការធ្វើឲ្យគម្រោងសាងសង់ផ្លូវជាតិលេខ៩ និងស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង នេះអាចសម្រេចជោគជ័យតាមផែនការកំណត់ និងបានថ្លែងនូវអំណរគុណ និង សូមវាយតម្លៃខ្ពស់ចំពោះមន្រ្តីគ្រប់ជាន់ថ្នាក់នៃស្ថានឯកអគ្គរដ្ឋទូតនៃស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ធនាគារនីហរណអហរណចិន ដែលបានរួមសហការធ្វើឲ្យចរន្តនៃឥណទាន របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ផ្លូវស្ពានដែលប្រើប្រាស់ឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមទាំងគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គនិងផ្លូវជាតិ លេខ៩នេះ បានប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនសំណង់សៀងហៃគ្រុប ដែលជាក្រុមហ៊ុនអនុវត្តគម្រោង និងក្រុមហ៊ុនក្វាងចូវវ៉ាន់អាន ដែលទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសសំណង់ ដែលនឹងខិតខំបញ្ចប់ការងារ សាងសង់ស្ពាន និងផ្លូវជាតិលេខ៩នេះ ប្រកបដោយគុណភាពខ្ពស់ និងសម្រេច រួចរាល់មុនការគ្រោងទុក។





