នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រិត្យការ យុទ្ធសាស្រ្តចតុកោណ ជំនាន់ទី២ អណត្តិទី៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអ្នកចូលរួមប្រមាណជាង ១០០នាក់រួមមាន៖ មន្ត្រីជាន់ខ្ពស់ វាគ្មិន និងសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលនេះ។
វគ្គបណ្តុះបណ្តាលរយៈពេល១៣ខែនេះ មានប្រធានបទចំនួន២២ ទាក់ទងនឹង វិស័យសាធារណការ ដឹកជញ្ជូន ផ្លូវដែក រដ្ឋបាលសាធារណៈ និងការប្រើប្រាស់កុំព្យូទ័រ។
ជាលទ្ធផល សិក្ខាកាមចំនួន ៩៨នាក់ បានបញ្ចប់ការសិក្សា នៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះ គឺជាមន្ត្រីនៃក្រសួង និង មន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមគ្រឹះស្ថានសាធារណៈផងដែរដូចជា៖ កំពង់ផែស្វយ័តភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប)។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម តូច ចាន់កុសល បានសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិន និងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង ឈានដល់ការសម្រេចបាននូវលទ្ធផលផ្លែផ្កានៅថ្ងៃនេះ។
























