នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចគម្រោងជួសជុលថែទាំហេដ្ឋរចនាសម្ព័ន្ធសម្រាប់ឆ្នាំ២០១៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយ ប្រធាននាយកដ្ឋានពាក់ព័ន្ធ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនផងដែរ។
កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើ ការពង្រឹងគុណភាពផ្លូវជាតិ ការផ្លាស់ប្តូរនិតិវិធីតាមដាន និងការធ្វើការងារឲ្យមានប្រសិទ្ធភាព ការជួសជុលថែទាំផ្លូវ និងការលុបសំបុកមាន់ ជាពិសេសយុទ្ធនាការប្រឆាំងនឹងផ្លូវគ្មានគុណភាពជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឯកភាពផ្តល់ម៉ូតូកង់បី ចំនួន៦៥គ្រឿង បំពាក់ដោយ ឧបករណ៍សម្រាប់ជួសជុលផ្លូវ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីប្រើប្រាស់ក្នុងការជួសជុលសំបុកមាន់ នៅទូទាំងប្រទេសផងដែរ។ សម្ភារៈទាំងនេះ នឹងមកដល់ ព្រមទាំងអាចចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ខាងមុខនេះ។







