នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងសម្រាប់ការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។
សមាជិកសមាជិកានៃគណៈកម្មាធិការដែលបានចូលរួមនាឱកាសនោះរួមមាន៖ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងតំណាងផ្សេងទៀតមកពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេ និងកិច្ចព្រមព្រៀងបន្ថែមរវាងរាជរដ្ឋាភិបាលកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក។
កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ទាំងពីរនេះអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកជាផ្លូវការ ស្តីពី អាស៊ាននៅឆ្នាំ២០១៧ខាងមុខ។
នៅក្នុងកិច្ចប្រជុំនាឱកាសនោះ អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦ ប្រទេសស្វ៊ីស។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យជំនួបរបស់គណៈកម្មាធិការអន្តរក្រសួងលើកក្រោយធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០១៦ ដើម្បីពិនិត្យឡើងវិញនូវតួនាទី និងភារកិច្ចរបស់សមាជិកសមាជិកានៃគណៈកម្មាធិការ និងអនុគណៈកម្មាធិការ។





