នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម តូច ចាន់កុសល បានដឹកនាំគណៈប្រភូកម្ពុជាអញ្ជើញទៅទស្សនកិច្ច មណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពដឹកជញ្ជូន (TSTC) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ នៅ Hwaseong។
លោក Hwang Byoung Hoon ប្រធានការិយាល័យតំបន់ សុវត្ថិភាពចរាចរណ៍ បានបង្ហាញជូនគណៈប្រតិភូដោយសង្ខេបអំពី តួនាទីភារកិច្ច រចនាសម្ព័ន្ធការងារ បរិក្ខារបណ្តុះបណ្តាល សកម្មភាពស្នូល និងកម្មវិធីបណ្តុះបណ្តាលនានារបស់ TSTC ។
គោលដៅចម្បងរបស់ TSTC គឺដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ និងជំនាញបើកបរដល់អ្នកបើកបរទាំងអស់ដោយផ្អែកទៅលើការអប់រំដោយការអនុវត្តជាក់ស្តែង ក៏ដូចជាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយយានយន្តរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកជញ្ជូន។
ឯកឧត្តម តូច ចាន់កុសល បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍នៅប្រទេសកម្ពុជា និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។ ឯកឧត្តមសង្ឃឹមថា ទស្សនកិច្ចនេះនឹងធ្វើឲ្យគណៈប្រភូកម្ពុជាទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើន ដើម្បីពង្រឹងនីតិវិធីនិងការអនុវត្តនៅកម្ពុជា។
គណៈប្រតិភូក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវនិងពិសោធន៍យានយន្តកូរ៉េ (KATRI) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េផងដែរ។
កិច្ចការងារចម្បងរបស់វិទ្យាស្ថានស្រាវជ្រាវ KATRI នេះ គឺពង្រឹងសុវត្ថិភាពយានយន្ត តាមរយៈបរិក្ខារ និងសេវាកម្មទ្រទ្រង់ការស្រាវជ្រាវ ដោយផ្អែកទៅលើបច្ចេកវិទ្យាធានាសុវត្ថិភាព។
គណៈប្រតិភូបានធ្វើទស្សនកិច្ចសិក្សាទៅលើទីតាំងបរិក្ខារនិង សេវាទ្រទ្រង់ពិសោធន៍នានា នៅក្នុងបរិវេណវិទ្យាស្ថាន ក៏ដូចជាបានផ្លាស់ប្តូរគំនិតយោបល់ និងបទពិសោធន៍ចំពោះការអនុវត្ថក្នុងពេលបច្ចុប្បន្នរបស់វិទ្យាស្ថានផងដែរ។





