នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ មហាសន្និបាតសមាគមបុគ្គលិក សាធារណការ និងដឹកជញ្ជូន អាណត្តិទី៥ ឆ្នាំ ២០១៤-២០១៦ បានប្រារព្វបើក ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាទីស្តីការក្រសួង។
តាមរបាយការណ៍របាស់ ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដោយផ្អែកទៅតាមទិសដៅភារកិច្ច កំណត់របស់មហាសន្និបាតលើកទី៤ របស់សមាគមបុគ្គលិក សាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការកណ្តាល បានខិតខំបំពេញការងារពេញមួយអាណត្តិទី៤នេះ ទទួលបានលទ្ធផលល្អ ជាពិសេសក្នុងការជួយឧបត្ថម្ភគាំទ្រដល់សមាជិក សមាជិកា របស់សមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ពេលចូលនិវត្តន៍ និងទទួលមរណភាពបានល្អ។ទន្ទឹមនឹងចំណុច ជាគុណសម្បត្តិខាងលើ សមាគមបុគ្គលិក សាធារណការ និងដឹកជញ្ជូន យើងក៏នៅមានចំណុចសេសសល់មួយចំនួន ដែលត្រូវស្វែងយល់ដើម្បីធ្វើការកែលំអនៅក្នុងអាណត្តិទី៥ ខាងមុខនេះ។ ឯកឧត្តម បានធ្វើរបាយការណ៍បន្តថា កន្លងមកនេះ សមាគម បានបំពេញនូវភារកិច្ចជួយដល់ មរណៈសង្គ្រោះរបស់សមាជិក សមាជិកា និងគូរស្រករ និងឧបត្ថម្ភមន្ត្រីចូលនិវត្តន៍ តែសមាគម នៅពុំទាន់បានបំពេញការងារជាប្រចាំឡើយទេ ហើយប្រការមួយដែលគូរឲ្យសោកស្តាយបំផុត គឺសមាជិក សមាជិកា របស់សមាគមចំនួន ៤៥០នាក់ បានបោះបង់នូវសមាជិកភាពរបស់ខ្លួន ដោយគាត់ត្រូវចូលនិវត្តន៍ ឫដោយខកខានពុំបានបំពេញកាតព្វកិច្ចជាសមាជិករបស់សមាគម។
ក្នុងឱកាសនេះ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍សម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាតំណាងគណៈកម្មការសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត និងអង្គភាពក្រោមឱវាទក្រសួង ព្រមទាំង ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន សហគ្រាសសាធារណៈ អង្គភាពមូលដ្ឋាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា ស្មារតី និងសំភារៈ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សមាគម បុគ្គលិក សាធារណការ និងដឹកជញ្ជូន ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់សមាជិក សមាជិកា របស់សមាគម ពេលចូលនិវត្តន៍ និងទទួលមរណភាព បានល្អប្រសើរ នាពេលកន្លងមក។ ឯឧរដ្ឋលេខាធិការមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងដោយមានការគាំទ្រពីគ្រប់លំដាប់ថ្នាក់នៃមន្ត្រីរាជការក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន សមិទ្ធិផលជាច្រើនរបស់សង្គម ជាតិលើគ្រប់វិស័យ ត្រូវបានសាងសង់ឡើងយ៉ាងព្រោងព្រាត ក្នុងនោះផ្លូវ ស្ពាននានា បានក្លាយទៅជា ចំណុចមួយលេចធ្លោ និងដើរតួយ៉ាងសំខាន់ជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានថ្លែងនូវអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះ គណៈកម្មាធិការកណ្តាលសមាគមបុគ្គលិកអាណត្តិទី៤ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំចិត្ត ក្នុងការបំពេញភារកិច្ចតាមលក្ខន្តិកៈរបស់សមាគមបុគ្គលិក បន្ថែមពីលើភារកិច្ចជំនាញដ៏មមាញឹក ធ្វើឲ្យមន្ត្រី រាជការ និយោជិត ជាសមាជិកសមាគម នៅតាមបណ្តាអង្គភាព ក្រោមឱវាទទាំងនៅថ្នាក់កណ្តាល និងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តទូទាំងប្រទេសទទួលបាននូវភាពកក់ក្តៅ និងមានសាមគ្គីភាពកាន់តែជិតស្និទ និងរឹងមាំ។ ពិនិត្យលើលក្ខន្តិកៈរបស់សមាគម និងខ្លឹមសារនៃពង្រាង របាយការណ៍របស់សមាគម ឃើញថា គណៈកម្មាធិការកណ្តាល សមាគមអាណត្តិទី៤នេះ បានខិតខំ ប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួន ស្របតាមគោលបំណងរបស់សមាគមបានល្អប្រសើរ ដោយបានយក ចិត្តទុកដាក់ជួយលើកទឹកចិត្ត ដល់អតីតមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចូលនិវត្ត ដោយមានការរៀបចំជួបជុំ យ៉ាងតិចមួយដងក្នុងមួយឆ្នាំ និងឧបត្ថម្ភបន្ថែមថវិកាមួយចំនួននៅ ពេលចូលនិវត្តដំបូង ជួយបង្កើនទំនាក់ទំនង រឹតចំណងមិត្តភាព សាមគ្គីភាព និងភាពស្និទស្នាល កាន់តែជិតស្និត នៅក្នុងជួរមន្ត្រីរាជការ ដែលកំពុងតែបំរើការងារ និងដែលបានចូលនិវត្តរួចហើយ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការអនុវត្តឆ្លើយតបទាំងស្រុង ទៅនឹង គោលនយោបាយ យកចិត្តទុកដាក់ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាល សម្តេចតែងតែលះបង់ កម្លាំកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីជួយសំរាលទុក្ខលំបាក និងកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការស្តារ និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ការបង្រួបបង្រួម ជាតិ ការការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយនៅផ្ទៃក្នុង ប្រទេស និងលើឆាកអន្តរជាតិ។
តមកអង្គសន្និបាតសមាគមបុគ្គលិក សាធារណការ និងដឹកជញ្ជូន ក៏បានធ្វើការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធាន សមាជិក សមាជិកា របស់គណៈកម្មាធិការកណ្តាលសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន អាណត្តិទី៥ មានចំនួន ៦០នាក់ និងបំរុងចំនួន៦នាក់ ជាលទ្ធផលនៃការបោះឆ្នោត ឃើញថា ចំនួនសន្លឹកឆ្នោតសរុបមាន ១២៦សន្លឹក ក្នុងនោះ មានសន្លឹកឆ្នោតចំនួន ១២៥សន្លឹកបានគាំទ្រ ចំពោះសមាសភាពបេក្ខជនឈរឈ្មោះ ជាគណៈកម្មាធិការកណ្តាល សមាគមបុគ្គលិក សាធារណការ និងដឹកជញ្ជូន អាណត្តិទី៥ ២០១៤-២០១៦ និងមួយសន្លឹក អនុបវាទ ដូច្នេះលទ្ធបានបង្ហាញថា សមាសភាពបេក្ខជនឈរ ឈ្មោះ សំរាប់អាណត្តិទី៥នេះ គឺសម្រេចជាស្ថាពរ៕



