នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៤ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរដោយ ឯកឧត្តម តូច ចាន់កុសល់ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងមន្ត្រីអ្នកមុខ អ្នកការ ក្រោមឱវាទក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អនុវិទ្យាល័យក្តុល ស្ថិតនៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ពិធីបញ្ចុះបឋមសិលាសាងសង់អនុវិទ្យាល័យក្តុល នាពេលនេះ គឺធ្វើឡើងទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ព្រះពុទ្ធសាសនាខ្មែរយើង ដើម្បីបួង សួងសុំនូវសេចក្តីសុខ និងដើម្បីឲ្យដំណើរការ នៃការងារសាងសង់ បានប្រកបទៅដោយភាពរលូន។
អគារសិក្សា ដែលបានរៀបចំពិធីបញ្ចុះបឋមសិក្សាសាងសង់នាពេលនេះ មាន ១ខ្នង ស្មើនឹង ៦បន្ទប់ ធ្វើពីថ្ម ប្រក់ក្បឿង ចំណាយថវិកាអស់ប្រមាណ៣៤០០០ដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីលោក សោម វឺន អភិបាលនៃគណៈអភិបាលស្រុកទឹកផុស បានគូសបញ្ជាក់អំពីកិច្ចសហការល្អរវាងអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើឲ្យស្ថានភាពសន្តិសុខ សណ្ឋាប់ធ្នាប់សង្គមនៅទូទាំងស្រុក មានភាពល្អប្រសើរ បង្ករលក្ខណៈដល់ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត និងប្រកបការងារបង្ករបង្កើនផលស្រូវ និងការប្រកបមុខរបរផ្សេងៗ លើកស្ទួយជីវភាពរស់នៅបានល្អប្រសើររូចមក ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងអាជ្ញាធរដែនដី និងកង កម្លាំងមានសមត្ថកិច្ច ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទទួលបាននូវប្រសិទ្ធិភាពខ្ពស់ និងបានខិតខំបំពេញភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ឯឧរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ការរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់នាពេលនេះ គឺដោយមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងពីអាជ្ញាធរដែនដី ស្រុកទឹកផុស ដែលកំពុងជួបនូវការខ្វះខាតនូវបន្ទប់សិក្សា ទើបរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ផ្តល់នូវអាគារ សិក្សាមួយខ្នងនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការដែលកំពុងជួបប្រទះ ឲ្យបានទាន់ពេលវេលា ។ឯឧ ត្រាំ អ៊ីវតឹក បានមានប្រសាសន៍បញ្ជាក់ថា គម្រោងសាងសង់អគារសិក្សា នាថ្ងៃនេះ គឺបានបង្ហាញជាថ្មី នូវភាពរីកចំរើនរបស់ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿជឿជាក់ទ្វេរឡើងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅលើការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើង នូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៥ ជាពិសេសអំពីក្រុមការងារថ្នាក់ជាតិចំរុះមូលដ្ឋាន ដែលមាន ភារកិច្ចសំខាន់ គឺផ្សារភ្ជាប់ទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ជាមួយប្រជាជន។
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បាននាំយកអំណោយអនុស្សាវរីយ៍ ជាសៀវភៅ ប៉ិច ថវិកា ក្រមា ក្រណាត់ស ចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សិស្សកាយរិទ្ធ យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងយាយជី តាជី ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕



