នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិកដទៃទៀត នៃគណៈកម្មាធិការផ្លូវល្បឿនលឿន បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញមួយស្តីពី ការសិក្សា វាយតម្លៃព័ត៌មានទីផ្សារ និងសេចក្តីព្រាងលក្ខខណ្ឌកិច្ចសន្យា ដែលរៀបចំដោយក្រុមហ៊ុន Ernst & Young ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាគម្រោងផ្លូវល្បឿនលឿននេះ។
ទីប្រឹក្សាក្រុមហ៊ុនErnst & Young បានពិពណ៌នា និងបកស្រាយការវិភាគរបស់ខ្លួនអំពីទិដ្ឋភាពផ្សេងៗនៃគម្រោងសម្រាប់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៩១.៦គីឡូម៉ែត្រ ក្រោម កិច្ចសន្យាសម្បទាន នៃគម្រោងBOT(កសាង ប្រតិបត្តិ ផ្ទេរ)។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងអ្នកចូលរួមទាំងអស់បានពិភាក្សាលើលទ្ធផលនៃការសិក្សានេះ និងបានជំរុញឱ្យក្រុមហ៊ុន Ernst & Young ពិនិត្យមើលឡើងវិញនូវគម្រោងនេះ ហើយផ្តល់ព័ត៌មាន និងអំណះអំណាងបន្ថែមទៀតមកឲ្យគណៈកម្មាធិការវិញ ដើម្បីឲ្យគណៈកម្មាធិការនេះអាចធ្វើការសម្រេចចិត្ត និងអាចចរចាជាមួយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ឲ្យកាន់តែប្រសើរជាងមុន ដើម្បីធ្វើឲ្យគម្រោងនេះមានការរីកចម្រើនទៅមុខ ដោយយកចិត្តទុកដាក់លើការពិនិត្យមើលជាសំខាន់នូវបញ្ហាហានិភ័យ និងអត្ថប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។





