នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយលោក Yoshitake Kimata ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនជប៉ុន ReNet Japan Group, Inc អមដំណើរដោយឯកឧត្តម អតីតអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។
លោក Kimata ជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងសារធារណការនិងដឹកជញ្ជូន អំពីសេវា “ត្រួតពិនិត្យរថយន្តតាមស្តង់ដារជប៉ុន” ក្នុងគោលបំណងដើម្បីពង្រឹងការថែទាំយានយន្ត និងសុវត្ថិភាពចរាចរណ៍ផងដែរ។ លោក Kimata ក៍បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ពីសកម្មភាពរបស់ក្រុមហ៊ុនក្នុងការចុះបណ្តុះបណ្តាលជាងជួសជុលយានយន្តនានា នៅក្នុងប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរចំពោះលោក Kimata ដែលបានផ្តល់ព័ត៌មាន ទាក់ទងនឹងការផ្តល់សេវាទាំងនេះ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនលោក Kimata ថា ក្រសួងកំពុងតែដំណើការនៃការវាយតម្លៃលើក្រុមហ៊ុនជាច្រើន ដែលបានលើកគម្រោងទាក់ទងនឹងប្រព័ន្ធ ចុះបញ្ជីយានយន្ត ត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបណ្ណបើកបរយានយន្ត។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៍បានជំរុញឲ្យលោក Kimata ចូលរួមចំណែកក្នុងការគម្រោងនេះផងដែរ។







