សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងទិសដៅការងារសំរាប់អនុវត្តឆ្នាំ២០១៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្វបើកនៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៤ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម វ៉ាស៊ឹម សុរិយា អគ្គនាយករដ្ឋបាលនៃក្រសួងសាធារណការ និងដឹកជញ្ជូន ពីលទ្ធផលការងារដែលសម្រេចបាននៅឆ្នាំ២០១៣ លើការងារ កសាងបណ្តាញផ្លូវជាតិ និងផ្លូវខេត្ត ការងារជួសជុល និង ថែទាំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុវត្ថិភាពចរាចរណ៍តាមរយៈការកែលំអ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរៀបចំ និងអនុវត្តន៍ផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាង ការរៀបចំគោលនយោបាយ និងក្របខ័ណ្ឌនគិតិយុត្តចាំបាច់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ ផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការបន្តជំរុញការចូលរួមវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តាមរយៈការពង្រឹង និងការកែលំអយន្តការភាពជា ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ហើយនិងទិសដៅសំខាន់ៗ និងការងារផ្សេងៗ ប្រចាំឆ្នាំ២០១៤ ដែលត្រូវអនុវត្តបន្តរួចមក ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឡើងនូវសន្និបាតបូកសរុបការងារឆ្នាំ ២០១៣នេះ ឲ្យស្របជាមួយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ នៃរដ្ឋសភាជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលផ្តោត សំខាន់ទៅលើ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលត្រូវទាមទារនូវការខិតខំប្រឹងប្រែង និង សកម្មភាពបន្ថែម ដើម្បីជំរុញការអនុវត្តការងារជំនាញរបស់ក្រសួង ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ឯឧរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា គោលបំណងសំខាន់ជាចំបង នៃអង្គសន្និបាតនាពេលនេះ គឺត្រួតពិនិត្យ និងវាយតម្លៃលើស្នាដៃ និងលទ្ធផលការងារ ដែលក្រសួងទទួលបានក្នុងការអនុវត្តការងាររយៈ ពេលពេញ មួយឆ្នាំ នៅឆ្នាំ ២០១៣ កន្លងមកនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិ និត្យមើលនូវវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្តូរយោបល់ និងដកស្រង់នូវបទពិសោធន៍ល្អៗ ពិចារណា និងត្រង់ត្រាប់នូវអនុសាសន៍ដ៏ល្អប្រពៃ និងមានតម្លៃវិសេសវិសាលរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បី ដោះស្រាយបំពេញបន្ថែម និងកែលំអចំណុចខ្វះខាតនានា ដែលមានកន្លងមក និងដើម្បីឈានទៅ អនុវត្តទិសដៅ និងការងារថ្មី នៅបណ្តាឆ្នាំខាងមុខ ពិសេសឆ្នាំ២០១៤ ឲ្យសម្រេចបានជោគជ័យ។ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក មានប្រសាសន៍បញ្ជាក់ថា ដើម្បីសម្រេចជោគជ័យ នូវចក្ខុវិស័យវែងឆ្ងាយប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បាន រំលេចចេញនូវអនុសាសន៍ និងគោលដៅជាអាទិភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តភ្ជាប់បណ្តាញ ផ្លូវគមនាគមន៍ក្នុងតំបន់ ឲ្យមានភាពរឹងមាំ និងអាចចាប់យកកាលានុវត្តភាពផ្សេងៗ ពីសមាហរណកម្មក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន។ឯឧរដ្ឋមន្ត្រី មាន ប្រសាសន៍បញ្ជាក់បន្តថា ប្រធានបទសំខាន់សំរាប់ សន្និបាតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំនេះគឺ អភិវឌ្ឍន៍វិស័យសាធារណការ និង ដឹកជញ្ជូន ដើម្បីសំរេចឲ្យបាន គោលដៅយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដូច្នេះដើម្បីឆ្លើយតប ទៅនឹងប្រធានខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានផ្តល់នូវអនុសាសន៍ និងបានលើកឡើងនូវចំណុចសំខាន់ៗជាគន្លឹះមួយចំនួនដាក់ជូនអង្គសន្និបាតធ្វើការពិភាក្សាផងដែរ។
នៅក្នុងពិធីនេះដែរ ឯកឧត្តម គឹម សាន់ ប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអានព្រះរាជក្រឹត្យ តែងតាំង ឯឧ សន សុខ ជាអគាធិការនៃអគារធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអានអនុក្រឹត្យ តែងតាំងលោក នូ វឌ្ឍនៈ ជាអគ្គនាយករង លោក ណៃ ចំណង់ ជាប្រធាននាយកដ្ឋានផ្លូវ ថ្នល់ និងលោក ប៊ី បានវីឡា ជាប្រធានមជ្ឈមណ្ឌលជួយជុលថែទាំ ស្ពាន ថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
តមកឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានអញ្ជើញប្រគល់ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ដល់ ឯកឧត្តម អស់លោក ដែលទើបទទួលភារកិច្ចថ្មី ព្រមទាំងបានអញ្ជើញចែកអត្តសញ្ញាណប័នមន្ត្រីរាជការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕



