សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការងារអនុវត្តន៍ឆ្នាំ ២០១៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្វបិទនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៤ក្រោមអធិបតីភាព ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមសន្ទរកថា ស្វាគមន៍របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ថា អស់រយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ អង្គសន្និបាតបានដំណើរការប្រកបដោយ ជោគជ័យ ដោយថ្នាក់ដឹកនាំ ក្រសួង អគ្គនាយកដ្ឋាន អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពាក់ព័ន្ធ បានធ្វើការ ចាប់អារម្មណ៍ និងបទអន្តរាគមន៍ បង្ហាញអំពីបទពិសោធន៍ និងអនុសាសន៍ល្អៗ ព្រមទាំងបាន ពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ប្រធានបទសំខាន់ជាគន្លឹះស្របតាមទិសស្លោក អភិវឌ្ឍន៍វិស័យ សាធារណការ និងដឹកជញ្ជូន ដើម្បីសម្រេចឲ្យបានគោលដៅយុទ្ធសាស្ត្រដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល ដែលយកជាមូលដ្ឋាន ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលការងារឆ្នាំ ២០១៣ និងទិសដៅអនុវត្ត ការងាររបស់ក្រសួង ព្រមទាំងផែនការសកម្មភាពការងារលំអិត បទពិសោធន៍ និងអនុសាសន៍ល្អៗ សំរាប់ អនុវត្ត ឆ្នាំ២០១៤ ខាង មុខលើចំណុចសំខាន់ៗមួយចំនួន។ឯឧរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា នៅក្នុង ឆ្នាំ២០១៣កន្លងមកនេះ លទ្ធផលការងារដែលដែលក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានមាន ចំនួន ៧អាទិភាព រួមមាន ការងារកសាងបណ្តាញផ្លូវជាតិ និងផ្លូវខេត្ត ការងារជួសជុល និង ថែទាំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុវត្ថិភាពចរាចរណ៍តាមរយៈការកែលំអ និងការពង្រឹងការអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ការរៀបចំ និងអនុវត្តន៍ផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីតភ្ជាប់ ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាង ការរៀបចំគោលនយោបាយ និងក្របខ័ណ្ឌនគិតិយុត្តចាំបាច់ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ ផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធទីក្រុង និងការបន្តជំរុញការចូលរួមវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តាមរយៈការពង្រឹង និងការកែលំអយន្តការភាពជា ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ។លទ្ធផល ដែលសម្រេចបានខាងលើនេះ គឺបានមកពីមគ្គទេសក៏ភាពដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលជានិច្ចកាលតែងបានយកចិត្ត ទុកដាក់ ឧបត្ថមគាំទ្រទាំងស្មារតី និងសំភារៈ និងកៀរគរជំនួយពីបរទេស ដើម្បីជួយក្រសួង ឲ្យមានលទ្ធភាព កាន់តែច្រើនជាងមុន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការងារអនុវត្តឆ្នាំ ២០១៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានមានប្រសសន៍ថា ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងខ្លួនខ្ញុំផ្ទាល់ ឯកឧត្តម សូមសម្តែងនូវមូលវិចារណ៍ថ្លៃថ្លា ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំង អស់នៃក្រសួង សាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលបានធ្វើសហប្រតិបត្តិការ គ្នាយ៉ាងល្អប្រសើរ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញា សម្រេចបាននូវស្នាដៃធំៗជាច្រើន ក្នុងឆ្នាំ២០១៣កន្លងមកនេះ។ឯឧ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បច្ចុប្បន្ន យើងមានផ្លូវស្ពាន ដែលចាក់កៅស៊ូប្រទាក់ ក្រឡាខ្វាត់ខ្វែងគ្រប់ទៅកន្លែងជិតឆ្ងាយ នៅទូទាំងប្រទេស និងភ្ជាប់ទៅនឹងប្រទេស ជិតខាងក្នុងតំបន់។សមិទ្ធិ ផលនេះ បានរួមចំណែកជួយរាជរដ្ឋាភិបាល ក្នុងការសម្រេចជោគជ័យលើកម្មវិធី នយោបាយសមាហរណកម្ម ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសក្នុងតំបន់ សំដៅបង្កើនភាពងាយស្រួលក្នុង ការធ្វើចរាចរណ៍ដឹកជញ្ជូន និង ការអភិវឌ្ឍលើគ្រប់វិស័យ ដែលនាំឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ មានការរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យលើគោលដៅ សហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ ក្នុងការ កាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័ស។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានមានប្រសាសន៍បញ្ជាក់ថា តាមការវាយតម្លៃពីធនាគារពិភព លោកនៅពេលថ្មីៗនេះ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងឆាប់ រហ័ស និងជាប្រចាំ ពី៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹម ២០,៥% ក្នុងឆ្នាំ២០១១ ពោលគឺការកាត់បន្ថយភាព ក្រីក្ររបស់កម្ពុជា សម្រេច បានមុនគោលដៅសហសវត្សរ៍ឆ្នាំ២០១៥ ដែលធ្វើឲ្យប្រទេសកម្ពុជាទទួលបាន ចំណាត់ថ្នាក់ទី៤ ក្នុង ពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅ ទោះបីត្រូវប្រឈម នឹងគ្រោះធម្មជាតិធំៗ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ទោះបីត្រូវប្រឈមនឹងផលវិបាក អាក្រក់បណ្តាលមក ពីកលិយុគ្គហិរញ្ញវត្ថុអន្តរជាតិ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោកយ៉ាងណាក៏ដោយ ក្រោមការដឹកនាំ ដ៏ឈ្លាស់វៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៨% ក្នុង មួយឆ្នាំ ហើយត្រូវបានបែងចែកផ្លែផ្កានៃកំណើននេះ ប្រកបដោយសមធម៌ ដែលធ្វើឲ្យអត្រាភាពក្រីក្រ បាន ធ្លាក់ចុះ យ៉ាងគំហុក។ក្នុងឱកាសនេះ ឯឧឧបនាយករដ្ឋមន្ត្រី គាត ឈន់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ និងបានលើកឡើងនូវចំណុចសំខាន់ៗជាគន្លឹះមួយចំនួន ដើម្បីជាទុនសម្រាប់ជំរុញប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីការងារវិស័យសាធារណការ និងដឹកជញ្ជូន ឲ្យទទួលបានជោគជ័យថែមទៀត។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការ ងារនាពេលកន្លងមក ក្នុងនោះរួមមាន មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ មហាសិរីវឌ្ឍន៍ ចំនួន ១រូប មេដាយសុវត្ថារាថ្នាក់ មហាសិរីវឌ្ឍន៍ ចំនួន ១រូប មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ចំនួន ៦រូប មេដាយសុវត្ថារា ថ្នាក់ មហាសេនា ចំនួន ៥រូប មេដាយមុនីសារភ័ណ្ឌ ថ្នាក់ មហាសេនា ចំនួន ២រូប មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ ចំនួន ១រូប មេដាយសុវត្ថារា ថ្នាក់ ធិបឌិន្ទ ចំនួន ៣រូប មេដាយ សុវត្ថារា ថ្នាក់ សេនា ចំនួន ៤រូប មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សឫទ្ធិ ចំនួន ១រូប មេដាយសុវត្ថារា ថ្នាក់ អស្សឫទ្ធិ ចំនួន ៤រូប និងមេដាយមាសការងារ ចំនួន ៨រូប៕



