ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ខេត្តកណ្តាលបានធ្វើសំណេះសំណាល ជាមួយសិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៥-២០១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។
សិស្សានុសិស្សចំនួន ៥៩៥នាក់ និងលោកគ្រូអ្នគ្រូចំនួន ៥៥នាក់
នៃស្រុកកោះធំ ដែលបានចូលរួមកម្មវិធីនោះរួមមាន វិទ្យាល័យហ៊ុនសែនកោះធំ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាឌួង វិទ្យាល័យហ៊ុនសែនកំពង់កុង និងវិទ្យាល័យហ៊ុនសែនសំពៅពូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញសិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងរៀនសូត្របន្ថែម ដើម្បីប្រឡងជាប់ទាំងអស់គ្នា។ ឯកឧត្តមក៏បានស្នើឲ្យ លោកគ្រូអ្នគ្រូ ផ្តល់ការបង្រៀនបំប៉ន ពង្រឹងសមត្ថភាពបន្ថែមជូនដល់ សិស្សានុសិស្ស ដើម្បីត្រៀមសម្រាប់ការប្រឡង។
ឯកឧត្តមបានឧបត្ថម្ភដល់ សិស្សានុសិស្សទាំងអស់ ក្នុងម្នាក់ៗទទួលបាន៤ម៉ឺនរៀល និងបានសន្យាថា នឹងផ្តល់ជូនម្នាក់ ១០ម៉ឺនរៀលទៀត សម្រាប់សិស្សដែលប្រឡងជាប់។ ជាងនេះទៅទៀត ឯកឧត្តម នឹងផ្តល់រង្វាន់ជូន ក្នុងម្នាក់ម៉ូតូមួយគ្រឿង ដល់សិស្សនៅស្រុកកោះធំ ទាំងឡាយណា ដែលទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា ២០១៥-២០១៦នេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាលមួយផ្សេទៀត ជាមួយអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គុណ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមនអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមក៏បានឧបត្ថម្ភជាថវិកាជូនដល់ អតីតយុទ្ធជនកម្ពុជា ចំនួន២៦៧នាក់ ដែលបានចូលរួមកម្មវិធី ក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល។
























