នៅថ្ងៃទី១៩ ខែ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនមន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៦ដែលទើបប្រឡងជាប់ ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីបិទវគ្គនេះ មានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសន៍ដែលជាមន្ត្រីរាជការក្រសួង ព្រមទាំងមន្ត្រីក្របខណ្ឌថ្មីចំនួន២២៧នាក់ ដែលនឹងត្រូវបំពេញការងារនៅទីស្តីការក្រសួង និងបណ្តាមន្ទីរសាធារណការ នឹងដឹកជញ្ជូននៅទូទាំង២៥រាជធានីខេត្ត។
ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឲ្យមន្ត្រីក្របខណ្ឌថ្មីទាំងនេះ ខិតខំប្រឹងប្រែងបំពេញការងារដើម្បីប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីរាជការ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមក៏បានណែនាំឲ្យមន្ត្រីទាំងនោះអានច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអាចបំពេញតួនាទីជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌ខ្ពស់។
សួមជម្រាបជូនថាមន្ត្រីក្របខណ្ឌថ្មីទាំងនេះ នឹងចាប់ផ្តើមចូលបម្រើការងាររបស់ខ្លួនចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះតទៅ។














