នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្តម តូច ចាន់កុសល ឯកឧត្តម លីម ស៊ីដេនីន និងលោកជំទាវ កុយ សុដានី បានជួបសម្តែងការគួរសមជាមួយឯកឧត្តម GAO Hucheng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណៈរដ្ឋប្រជាមានិតចិន និងបានចូលរួមពិសាអាហារថ្ងៃត្រង់ក្នុងពិធីជប់លៀងដែលរៀបចំឡើងដោយឯកឧត្តមរដ្ឋមន្ត្រីGAO។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនឯកឧត្តមGao អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំនានាជាមួយនឹងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ប្រធានក្រុមហ៊ុនសំណង់China Communication Construction Co. Ltd ឯកឧត្តមអភិបាលរងខេត្តHenan ព្រមទាំងដំណើរទស្សនកិច្ចផ្សេងទៀតទៅកាន់ទីស្នាក់ការធំនៃសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពង់ផែអន្តរជាតិTianjin ស្ថានីយ៍អយស្ម័យយានភាគខាងត្បូងទីក្រុងប៉េកាំង តំបន់ផ្តល់សេវាកម្មផ្លូវល្បឿនលឿន Meichang Service Area និងស្ថានីយ៍បង់ប្រាក់Taihu Toll Station។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា៖ នេះគឺជាដំណើរទស្សនកិច្ចទទួលបានជោគជ័យទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន ដោយប្រទេសទាំងពីរបានឈានដល់ការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល(G2G) និងរវាងក្រុមហ៊ុនអាជីវកម្ម និងរដ្ឋាភិបាល(B2G)។
ឯកឧត្តម Gao បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានអបអរសាទរចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការទទួលបានជោគជ័យ ដោយបានជួប ពិភាក្សាជាមួយសមភាគីរបស់ខ្លួននៅប្រទេសចិនក្នុងនាមជារដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមGao ក៏បានយល់ព្រមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូន និងបានសន្យាគាំទ្រដល់អ្វីដែលរដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀង។






