នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូកម្ពុជាពីក្រសួងសាធារណការនិងដឹកជញ្ជូនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តHenan ដែលដឹកនាំដោយឯកឧត្តម Zhao JianCai អភិបាលរងខេត្តHenan និងមានការចូលរួមពីលោកCheng Risheng ប្រធានក្រុមហ៊ុន Henan Transport Investment Group Co. Ltd។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អកំពុងបន្ត និងមិត្តភាពយូរអង្វែងរវាងសាធារណៈរដ្ឋប្រជាមានិតចិននិងប្រទេសកម្ពុជា និងបានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រលើគំនិតផ្តួចផ្តើមនានារបស់សាធារណៈប្រជាមានិតចិន ជាពិសេសទាក់ទងទៅនឹងខ្សែក្រវាត់មួយវិថីមួយ វិថីសូត្រសមុទ្រ និងការបង្កើតធនាគារវិនិយោគរហដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។ កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងពីគំនិតផ្តួចផ្តើមទាំងនេះសម្រាប់ការអភិវឌ្ឍរហដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ។
ដោយពិនិត្យលើសំណើរបស់កម្ពុជា និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សា រវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលនិងគណៈប្រតិភូ ជាមួយឯកឧត្តមYANG រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តមអភិបាលរងZhao Jiancai បានសម្តែងការប្តេជ្ញាចិត្តក្នុងការស្វែងរកវិធីធ្វើយ៉ាងណាដើម្បី បង្កើនកិច្ចសហប្រតិបត្តិបការរវាងកម្ពុជានិងខេត្តHenan ហើយឯកឧត្តមបានសន្យាគាំទ្រលើការកសាងសមត្ថភាពដល់មន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារសម្រាប់ការថែទាំជួសជុល ផ្លូវថ្នល់តូចៗជាប្រចាំនៅកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមZhao ក៏បានប្តេជ្ញាចិត្តជួយដល់កម្ពុជាក្នុងការបន្ថយចំណាយលើការដឹកជញ្ជូនផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងអំណរគុណនិងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងទស្សនៈវិស័យវែងឆ្ងាយរបស់ឯកឧត្តមអភិបាលរង ដែលបានគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូន និងខេត្តHenan។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមអភិបាលរងបានយល់ព្រមលើការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកបន្ថែមទៀត រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងខេត្តHenanដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។




