នៅថ្ងៃពុធទី៣១ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាទៀងទាត់ ជាមួយនឹងមន្ត្រីជាន់ខ្ពស់នៅ ក្រសួងសាធារណការ និងដឹកជញ្ជូន។កិច្ចប្រជុំនេះ បានលើកឡើងនូវគំនិតផ្តួចផ្តើម និងបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖ គោលនយោបាយយុទ្ធសាស្ត្រ ស្តីពី របៀបអនុវត្តសិទ្ធិគ្រប់គ្រងដីចំណីផ្លូវជាតិ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការអនុវត្តច្បាប់នាពេលខាងមុខ ទាក់ទងនឹងរថយន្តដឹកទំនិញកែច្នៃខុសច្បាប់ និងសកម្មភាពបន្ទាន់នានាផ្សេងទៀត ដែលទាក់ទងនឹងការចែកចាយសម្ភារៈសម្រាប់ជួសជុលសំបុតមាន់នៅខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យឯកឧត្តមអនុរដ្ឋលេខាធិការមួយរូប ចាប់ផ្តើមផ្សព្វផ្សាយស្ពតតាមកញ្ចក់ទូរទស្សន៍ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីអប់រំអ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យគោរពច្បាប់ចរាចរណ៍ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលអ្នកធ្វើដំណើរតាមដងផ្លូវរងគ្រោះស្លាប់ប្រមាណពីរពាន់នាក់ក្នុងមួយឆ្នាំ។








