នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជួន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយតំណាងនិងអ្នកជំនាញមកពីអង្គការJICA (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន) ដែលមានការិយាល័យប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅកម្ពុជា។
ក្រុមការងាររបស់អង្គការ JICA បានធ្វើបទបង្ហាញមួយជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស្តីពី ផែនការការងារគម្រោង និងសេចក្តីណែនាំអំពី ការចុះបញ្ជីយានយន្ត និងប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅប្រទេសជប៉ុន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គការ JICA ថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងដាក់ឱ្យដំណើរសាកល្បងប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញ និងកំពុងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅមុនដំណាច់ឆ្នាំនេះ។ ប្រព័ន្ធនេះក៏ត្រូវមានការតភ្ជាប់ទៅកាន់ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផងដែរ។ ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គការJICAថា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មប្រលងនិងចេញបណ្ណបើកបរ ក៏នឹងត្រូវដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំនេះផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមការងារអង្គការ JICA បញ្ចូលលក្ខណៈពិសេសនៃប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមអនឡាញរបស់ជប៉ុន ទៅក្នុងប្រព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបានជំរុញឱ្យពួកគេបំពេញការងារយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងដើម្បីធានាឱ្យប្រព័ន្ធរបស់យើងដំណើរការប្រកបដោយប្រសិទ្ធភាព។







