នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងមួយក្រុម អញ្ជើញចូលរួមជំនួបទ្វេភាគីជាមួយឯកឧត្តម Hiroaki SAKASHITA អនុរដ្ឋមន្ត្រី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន រួមជាមួយគណៈប្រតិភូរជប៉ុនមួយក្រុមផងដែរ។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវិធីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់(soft infrastructure) និងវិស័យផ្សេងទៀតដែលទាក់ទងទៅនឹងការធ្វើទំនើបកម្មនៃការចុះបញ្ជីយានយន្ត និងប្រព័ន្ធគ្រប់គ្រងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអភិវឌ្ឍកំពង់ផែ(រួមទាំងកម្មវិធីនៃប្រព័ន្ធEDIនៅកំពង់ផែ) ការធ្វើឱ្យប្រសើរឡើងដល់ការធ្វើដំណើរចូលទៅកាន់ព្រលានយន្តហោះ និងគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនតាមផ្លូវដែក ប្រព័ន្ធព្យាបាលទឹកស្អុយ(sewage treatment system) និងការបង្កើតផែនការមេនៃការដឹកជញ្ជូន។
ឯកឧត្តម SAKASHITA បានកត់សម្គាល់ អំពីសារៈសំខាន់ដែលទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ ដើម្បីសម្រេចបាននូវបណ្តាញដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រទេស។ ឯកឧត្តមបានស្នើឱ្យក្រសួងទាំងពីរ (១) ពង្រីកកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងទាំងពីរ ដើម្បីពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ នៅក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេស (២) ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមករវាងក្រសួងទាំងពីរទាក់ទងនឹងនិន្នាការនាអនាគត និងសកម្មភាពដែលទាក់ទងទៅនឹងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ (រួមទាំងហេដ្ឋារចនាសម្ព័ន្ធទន់ផងដែរ)។
ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រជាបន្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលនានា ដើម្បីកសាងសមត្ថភាពដល់មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ ដោយផ្អែកលើសំណើរបស់ឯកឧត្តមអនុរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត បង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាទៀងទាត់រវាងមន្ត្រីនិងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក បទពិសោធន៍ និងការអនុវត្តដ៏ល្អបំផុត ទាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់។
បន្ទាប់ពីជំនួបទ្វេភាគី ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញធ្វើជាសហប្រធានដឹកនាំ “សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន”។ ឯកឧត្តម Yuji KUMAMARU ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានថ្លែងពីចំណាប់អារម្មណ៍គាំទ្រដល់សិក្ខាសាលាដ៏មានសារៈសំខាន់នេះផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុនចាន់ថុល ឯកឧត្តមអនុរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត KUMAMARU SAKASHITA បានសម្តែងនូវការដឹងគុណដល់ក្រសួងទាំងពីរ ដែលបានផ្តល់ឱកាស និងកិច្ចសហប្រតិបត្តិការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង នៅកម្ពុជា និងសង្ឃឹមថាសិក្ខាកាមនានា នឹងបានយល់បន្ថែមទៀតអំពីបញ្ហាប្រឈម បញ្ហាចាំបាច់និងដំណោះស្រាយក្នុងវិស័យរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានជំរុញលើកទឹកចិត្ដឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សា ដើម្បីបានសិក្សាបន្ថែមទៀតពីប្រទេសជប៉ុនក្នុងវិស័យដឹកជញ្ជូន ភ័ស្តុភារកម្ម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។








