នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន នៃវិស័យឯកជន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានពិនិត្យមើលឡើងវិញនូវសមិទ្ធិផលសម្រេចបានសំខាន់ៗ នាពេលបច្ចុប្បន្នរបស់ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន និងសកម្មភាពនានា របស់ក្រសួងដូចខាងក្រោម៖
ការធ្វើតេស្តសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសតាមអនឡាញ និងប្រព័ន្ធផ្ញើសាររំឭកឱ្យដឹងតាមអនឡាញអំពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ។ ការចុះបញ្ជីរថយន្ត និងទោចក្រយានយន្តតាមអនឡាញ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តតាមអនឡាញ និងប្រព័ន្ធចេញបណ្ណបើកបរតាមអនឡាញ នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ ដើម្បីផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័សនិងមានតម្លាភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន ការស្តារឡើងវិញផ្លូវជាតិលេខ៥ ច្រកព្រំដែនថ្មីនៅស្ទឹងបត់ និងការធ្វើឱ្យប្រសើរឡើងដល់ផ្លូវដែកភាគខាងជើងប្រទេស។
ក្រុមប្រឹក្សាបានពិនិត្យមើលឡើងវិញនូវរបៀបវារៈកន្លងមក និងបានពិភាក្សាអំពីបញ្ហាប្រឈមនានាដូចជា៖ ការដឹកជញ្ជូនផលិតផលកសិកម្មពីព្រំដែនកម្ពុជាទៅកាន់កំពង់ផែលែមចាបាងក្នុងប្រទេសថៃ ថ្លៃឈ្នួលលើកដាក់ទំនិញនៅកំពង់ផែបច្ចុប្បន្ន និងវិធីសាស្រ្តកាត់បន្ថយថ្លៃឈ្នួលទាំងនេះក្នុងតម្លៃប្រកួតប្រជែង។







