នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូពីក្រុមហ៊ុន Hyein Engineering & Construction។
ជំនួបពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពីលោក Soon Kyo Jo អនុប្រធាន លោក Ike Jang Ahn នាយកប្រតិបត្តិនៃនាយកដ្ឋានផ្នែកនាវាចរណ៍និងថាមពល និងលោក Jong Chul Ham នាយកប្រតិបត្តិកំពង់ផែនិងឆ្នេរសមុទ្រ។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាលើការសិក្សាលទ្ធភាពធ្វើឱ្យប្រសើរឡើង ដល់ផ្លូវទឹកសម្រាប់ការអភិវឌ្ឍភស្តុភារដឹកជញ្ជូននៅកំពង់ផែរបស់កម្ពុជា។ គម្រោងនេះ មានទីតាំងឋិតនៅទន្លេមេគង្គចាប់ពីរាជធានីភ្នំពេញទៅខេត្តក្រចេះ ហើយបច្ចុប្បន្នគម្រោងនេះឈានដល់ដំណាក់កាលចុងក្រោយ ដែលនឹងត្រូវដាក់របាយការណ៍ចុងក្រោយជូនពិនិត្យនៅចុងឆ្នាំនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងការគាំទ្រយ៉ាងមុតមាំដល់ក្រុមហ៊ុនដែលបានធ្វើការសិក្សាពីលទ្ធភាពទូលំទូលាយ ក្នុងការធ្វើឱ្យប្រសើរឡើងដល់ផ្លូវទឹកដើម្បីការអភិវឌ្ឍភ័ស្តុភារដឹកជញ្ជូននៅកំពង់ផែកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងប្រទេស និងបានកត់សម្គាល់ថា៖ ការធ្វើឱ្យប្រសើរឡើងដល់ផ្លូវទឹកទន្លេមេគង្គ នឹងតភ្ជាប់ប្រទេសកម្ពុជានិងប្រទេសចិន ដែលវានឹងបង្កើនការតភ្ជាប់អាស៊ានផងដែរ។
លោក Soon បានសម្តែងនូវការគាំទ្រ និងប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងដល់ផ្លូវទឹក ដើម្បីការអភិវឌ្ឍភ័ស្តុភារដឹកជញ្ជូននៅកំពង់ផែកម្ពុជា។



