នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្រាប់ត្រៀមការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកនានា នៃគណៈកម្មាធិការ ដែលរួមមាន៖ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងតំណាងផ្សេងទៀតមកពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យឡើងវិញនូវសេចក្តីព្រាងនៃសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការនេះ ការប្រគល់ភារកិច្ចដល់អនុគណៈកម្មាធិការ និងការធ្វើពង្រាងកិច្ចព្រមព្រៀងបន្ថែមសម្រាប់ការរៀបចំវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិការនេះ ក្នុងខែឧសភា ឆ្នាំ២០១៧ខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យមានកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីរៀបចំពង្រាងកិច្ចព្រមព្រៀង និងសេចក្តីសម្រេចឱ្យបានចប់សព្វគ្រប់ មុនពេលជួបពិភាក្សានាពេលខាងមុខជាមួយគណៈប្រតិភូរបស់វេទិការសេដ្ឋកិច្ចពិភពលោក។





