នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណប្រតិភូមកពី ក្រសួងសាធារណការ និងដឹកជញ្ជូន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។
សម្រាប់នៅខេត្តកំពង់ឆ្នាំង មានការអញ្ជើញចូលរួមជាអធិបតីផងដែរ ពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃ គណៈអភិបាល ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនអ្នកចូលរួម មកពីខេត្តទាំងពីរ អំពីការធ្វើកំណែទម្រង់ នាពេលបច្ចុប្បន្ន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ការធ្វើឲ្យប្រសើរឡើង និងបង្ខិតសេវាសាធារណៈ ឲ្យទៅជិតប្រជាពលរដ្ឋ ការកែលម្អ និងរក្សាគុណភាពផ្លូវថ្នល់ជាដើម។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឲ្យ មន្ត្រីទាំងអស់រួបរួមសហការគ្នា បន្តផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នា មានកាតព្វកិច្ចបម្រើពួកគាត់។


































