នារសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក បានជួបសំណេះសំណាលជាមួយមន្ត្រីនិវត្តជនក្រសួងធារណការ និង ដឹកជញ្ជូន។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសំដែងការដឹងគុណចំពោះរៀមច្បងនិវត្តជនទាំងអស់ដែលបានលះបង់កំលាំងកាយចិត្ត និង ចំណេះដឹងបម្រើការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន អស់ជាច្រើនឆ្នាំ ហើយរៀមច្បងបានបន្សល់ទុកនូវស្នាដៃជាច្រើនដល់អ្នកបន្តវេនជំនាន់ក្រោយ ដូចជាស្ពាន ថ្នល់ជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំឲ្យរៀមច្បងនិវត្តជនបន្តជួយជ្រោមជ្រែងសង្គមជាតិយើង តាមរយៈសំណូមពរ៣យ៉ាង គឺ៖
១. ប្រាប់កូនចៅ ឲ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ជាពិសេសក្នុងរដូវបុណ្យទានភ្ជំបិណ្ឌ ២. ជម្រុញកូនចៅ ញាតិមិត្តក្នុងស្រុកភូមិ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និង ៣. សុំបន្តផ្ទេរចំណេះដឹងដល់កូនចៅជំនាន់ក្រោយ ជាពិសេសវិស័យសាធារណការ និង ដឹកជញ្ជូន។
ចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជូននិវត្តជនម្នាក់ៗ ទទួលបាន ក្រមាពោះគោមួយ និងថវិកាមួយចំនួនផងដែរ។











