នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក Tatsuyuki Sakurai ប្រធានក្រុមអ្នកស្ទង់មតិអង្គការ JICA សម្រាប់ការត្រៀមរៀបចំការស្ទង់មតិ លើគម្រោងផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ក្រុងបាវិត។
លោក Sakurai បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីគម្រោងនេះដោយបង្ហាញនូវលទ្ធផល បឋមនៃការស្ទង់មតិ និងបានស្នើសុំអនុសាសន៍ និងដំបូន្មានពី ឯកឧត្តមទេសរដ្ឋមន្រ្តី ដោយផ្អែកលើលទ្ធផលស្ទង់មតិនានា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមអ្នកស្ទង់មតិ ដែលបានបរិយាយយ៉ាងល្អិតល្អន់អំពីគម្រោងផែនការនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានកត់សម្គាល់អំពីសារៈសំខាន់ នៃការសាងសង់ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញទៅក្រុងបាវិត និងបានជំរុញឲ្យ ក្រុមការងារនេះពិចារណាលើសេណារីយ៉ូល្អបំផុត ទាក់ទងនឹងការកំណត់ពេលវេលា ការកំណត់គន្លងផ្លូវ និងការចំណាយនានា ព្រមទាំងលទ្ធភាពអាចពង្រីកសកម្មភាពសេដ្ឋកិច្ច របស់ផ្លូវនេះនៅក្នុងតំបន់ថ្មីទាំងឡាយ។






