ព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៤ គណៈប្រតិភូបច្ចេកទេសចំរុះ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន China Road និងអាជ្ញាធរខេត្ត កំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៤៤ ប្រវែង ប្រមាណជាង ១៣៩គីឡូម៉ែត្រ និងមានទទឹង ១១ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ។
ផ្លូវជាតិលេខ៤៤នេះ មានប្រវែងប្រមាណជាង ១៣៩ម៉ែត្រ និងមានទទឹង ១១ម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ផ្សារឧត្តុង្គ ស្រុកពញាឮ កាត់តាមថ្ពង ស្រុក ឧត្តុង្គ ស្រុកឱរ៉ាល់ ស្រុកសំរោងទង ទៅតភ្ជាប់ផ្លូវជាតិលេខ ៤ ស្រុកច្បារមន។ ផ្លូវជាតិលេខ ៤៤នេះ ម៉ៅការសាងសង់ដោយក្រុមហ៊ុន China Road ជា ប្រភេទផ្លូវក្រាលកៅស៊ូ DBST បច្ចុប្បន្ននេះ ការសាងសង់សម្រេចបាន ៤៥%ហើយ ដោយចំណាយថវិកា អស់ប្រមាណជា ៨០លាន ៣សែនដុល្លារអាមេរិក ។ រហូតមកដល់ពេលនេះ ផ្លូវជាតិលេខ៤៤ សម្រេចលទ្ធផលនៃការសាងសង់ រួមមាន ការងារកាប់ត្រាយព្រៃ សម្រេចបាន ៩៩.៩០% ការងារលើកតួផ្លូវ សម្រេចបាន ៨២.៦៥% ការងាររៀបចំគ្រឹះផ្លូវលើកទី១ សម្រេចបាន ៦៣.២៤% ការងាររៀបចំគ្រឹះផ្លូវលើកទី២ សម្រេចបាន ៥៦.៧៨% ការងារសាងសង់ស្ពាន សម្រេចបាន ចំនួន ១៧កន្លែង ស្មើនឹង ៧៦.៤៧% និងការងារសាងសង់ លូ មូល សម្រេចបាន ១៩១កន្លែង និងការសាងសង់ លូជ្រុង សម្រេចបាន ចំនួន ១៣ កន្លែង ។
នៅក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានណែនាំដល់ក្រុមហ៊ុនទទួលបន្ទុកសាងសង់ ត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស នៃស្តង់ដារអន្តរជាតិ ដើម្បី ឲ្យការសាងសង់ទទួលបាននូវប្រសិទ្ធិភាព និងគុណភាពខ្ពស់ រួមទាំងត្រូវគិតពីសោភ័ណ្ឌភាពឲ្យបានល្អ ។ទន្ទឹមនឹងនេះ ក្នុងការសាងសង់ត្រូវជំរុញឲ្យបានលឿន ដោយរដូវវស្សា បានឈានចូលមកដល់ ដូច្នេះការងារសាងសង់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវគិតអំពីចំណុចណា ដែលធ្លាប់តែទទួលរងនូវផលប៉ះពាល់ ដោយសារទឹកហួរកាត់ផ្តាច់ មកជាការដាក់លូវិញ ដើម្បីបញ្ចៀសបាននូវការខូចខាត នៅពេលក្រោយ ទៀត ។ ដោយឡែក ចំពោះការដ្ឋានស្ថាបនាស្ពាន គឺត្រូវធ្វើការទប់ទឹកឲ្យបានល្អ ដើម្បីឲ្យការងារស្ថាបនាគ្រឹះសរសរស្ពានមានភាពរឹងមាំ ជាប់បានយូរ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់ និងមានភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងការងារសាងសង់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រៅពីនោះ សូមឲ្យនៅកន្លែងការដ្ឋានសាងសង់នីមួយៗ ត្រូវដាក់ស្លាកសញ្ញាឲ្យបានជាប់ជាប្រចាំ ដើម្បីជៀសផុតនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕