រសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៤ ក្រុមអ្នកជំនាញបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរដោយ ឯកឧត្តម អ៊ូ សំអួន អភិបាលនៃអគណៈភិបាលខេត្តកំពង់ស្ពឺ និងដោយការអញ្ជើញចូលរួមពីតំណាងបញ្ជាការដ្ឋានកងវិស្វកម្ម កងពលតូចលេខ ៧០ បានអញ្ជើញចុះពិនិត្យទីតាំងស្ថាបនាស្ពានថ្មីឆ្លងស្ទឹងព្រែកត្នោត និងគម្រោងជួយជុលផ្លូវខេត្តលេខ ១៤៧ ដោយក្រាលក្រួសក្រហម ឫល្បាយថ្មភ្នំ ប្រវែង ១០គីឡូម៉ែត្រ ទទឹងខ្នងលើ ៩,៦ ម៉ែត្រ ស្ថិតត្រង់ចំណុច គីឡូម៉ែត្រ 0+៦០០ ដល់គីឡូម៉ែត្រ ១០+៦០០ ស្ថិតនៅក្នុងក្រុងច្បារមន ឆ្លងកាត់ស្រុកសំរោងទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងគម្រោងស្ថាបនាផ្លូវក្រាលគ្រួសក្រហមថ្មី ចូលទៅកាន់សាលាមត្តេយ្យ និងបឋមសិក្សាអ៊ីហ្វាស្រង់ និងផ្លូវខេត្តលេខ ១៤៥ ។
ដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ដែលមានការឆ្លងកាត់ទៅមក តាមដងស្ទឹងព្រែកត្នោត មានកំណើនខ្ពស់ ក្រសួង សាធារណការ ក៏ដូចអាជ្ញាធរខេត្ត បានរួមសហការគ្នា គ្រោងនឹងស្ថាបនាស្ពានថ្មីបន្ថែមមួយទៀត ព្រមទាំងជួសជុលស្ពាន ចាស់ដែលមានសភាពចាស់ ទ្រុឌទ្រោម ដែលមានប្រវែងជាង ១០០ម៉ែត្រ។ ក្នុងពេលចុះពិនិត្យមើលទីតាំងដែលត្រូវស្ថាបនាស្ពានខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានឲ្យ អគ្គនាយកដ្ឋានសាធារណការ រៀបចំគម្រោងឯកសារ និងសិក្សាបច្ចេកទេស ឲ្យបានឆាប់រហ័ស ដើម្បីដាក់បញ្ចូលក្នុងផែនការឆ្នាំ២០១៥ ខាងមុខនេះ និងអាចឆាប់បានដំណើរការសាងសង់។
តមកក្រុមអ្នកជំនាញបច្ចេកទេស បានអញ្ជើញចុះពិនិត្យគម្រោងជួយជុលផ្លូវខេត្តលេខ ១៤៧ ដោយក្រាលក្រួសក្រហម ឫល្បាយថ្មភ្នំ ប្រវែង ១០គីឡូម៉ែត្រ ទទឹងខ្នងលើ ៩,៦ ម៉ែត្រ ស្ថិតត្រង់ចំណុច គីឡូម៉ែត្រ 0+៦០០ ដល់គីឡូម៉ែត្រ ១០+៦០០ ស្ថិតនៅក្នុងក្រុងច្បារមន ឆ្លងកាត់ស្រុកសំរោងទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ផ្លូវខេត្តលេខ ១៤៧នេះ អនុវត្តការសាងសង់ ដោយបញ្ជាការដ្ឋាន កងវិស្វកម្ម កងពលតូចលេខ៧០ ដោយប្រើប្រាស់គម្រោងថវិកាផែនការ ឆ្នាំ២០១៤ ។ បច្ចុប្បន្នលទ្ធផលការងារសរុបសម្រេចបាន ៤៧,៤៨% រួមមាន ទី១ ការងារឈួសឆាយពង្រីកតួថ្នល់ បានប្រវែង ៧៩៥០ម៉ែត្រ ស្មើនឹង ៧៩,៥០% ទី២ ការងារភ្ជួរ កៀរ កិនបង្ហាប់តួថ្នល់ចាស់ បានប្រវែង ៧៩៥០ម៉ែត្រ ស្មើនឹង ៧៩,៥០% ទី៣ ការងារចាក់ដី ស លើកកម្ពស់តួថ្នល់ បានប្រវែង ៧៩៥០ម៉ែត្រ ស្មើនឹង ៦៤,០៩% ទី៤ ការងារ ស្ថាបនាដាឡូ សម្រេចបាន ១កន្លែង ស្មើនឹង៧០,១៩% និងទី៥ ការងារស្ថាបនាលូបេតុង សម្រេចបាន ៦កន្លែង ស្មើនឹង៧២,៥០%។
ក្នុងឱកាសនេះដែរ ក្រុមអ្នកជំនាញបច្ចេកទេស នៃក្រសួងសាធារណការ នឹងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានចុះពិនិត្យមើល ស្ថានភាពទីតាំងនៃគម្រោងស្ថាបនា ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២គីឡូម៉ែត្រ ចូលទៅកាន់សាលាមត្តេយ្យ និងបឋមសិក្សាអ៊ីហ្វាស្រង់របស់ ប្រទេសកូរ៉េ ដោយតបតាមការស្នើសុំរបស់សាលាផ្ទាល់ តាមរយៈទីភ្នាក់សហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) និងអាជ្ញាធរខេត្តកំពង់ស្ពឺ។
សាលានេះ មានទីតាំងស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ដែលបានកសាងឡើងក្នុងឆ្នាំ ២០០៩ ។ កន្លងមក ក៏ដូចជាបច្ចុប្បន្នមានការលំបាកលើ បញ្ហាធ្វើដំណើររបស់ សិស្សានុសិស្ស ទៅសិក្សាប្រចាំថ្ងៃ ទាំងក្នុងរដូវវស្សា និងរដូវប្រាំង។
ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ ក្រុមអ្នកជំនាញបច្ចេកទេស ក៏បានបន្តដំណើរពិនិត្យមើលគម្រោងជួសជុលផ្លូវ ខេត្តលេខ១៤៥ ក្រាលគ្រួស ក្រហម ប្រវែងជាង ៥គីឡូម៉ែត្រ ទទឹងជាង ៨ម៉ែត្រ ក្នុងនោះគ្រោងនឹងក្រាលកៅស៊ូជំហានដំបូង កំរាស២សង់ទីម៉ែត្រ ប្រវែង៧៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ និង សំណង់សិល្បៈការគ្រប់ប្រភេទស្ថិតនៅលើផ្លូវ ដែលបំបែកចេញពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រ ២៥+៥០០ ក្នុងឃុំពើក ឃុំព្រៃពួច និងឃុំក្រាំងម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល។ ផ្លូវខេត្តលេខ ១៤៥នេះ អនុវត្តការងារសាងសង់ ដោយវិស្វកម្ម កងឯកភាពអង្គរក្ស សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដោយប្រើប្រាស់គម្រោងថវិកាផែនការឆ្នាំ២០១៤។ បច្ចុប្បន្នលទ្ធផលការងារសរុបសម្រេចបាន ៣៩,៨៨% ក្នុងនោះរួមមាន ទី១ការងារឈួសឆាយពង្រីក បន្ថែមទទឹងតួថ្នល់សង្ខាង និងគាស់ដើមឈើ សម្រេចបានប្រវែង ៥២៥០ម៉ែត្រ ទី២ ការងារជីកដីគ្មានគុណភាពចេញ និងភ្ជួរកៀរកិនបង្ហាប់តួថ្នល់ចាស់ សម្រេចបានប្រវែង ៥២៥០ម៉ែត្រ ទី៣ ការងារចាក់ដីពង្រីក និងលើកកំពស់តួថ្នល់ ប្រវែង ៥២៥០ម៉ែត្រ មិនទាន់សម្រេចបានតាមកាលកំណត់នៅឡើយ ទី៤ ការងារស្ថាបនាដាឡូមុខបី ប្រវែង ៩ម៉ែត្រ ទទឹង ៨ម៉ែត្រ សម្រេចបាន១០០% និងទី៥ ការងារស្ថាបនាលូបេតុងសរសៃដែក សម្រេចបានចំនួន ១០កង់ ចំនួន ១២កន្លែង ស្មើ ១៤០កង់ ។
ក្នុងឱកាសនេះនៃការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានណែនាំដល់កងវិស្វកម្មទទួលបន្ទុកសាងសង់នីមួយៗ ត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃស្តង់ដារអន្តរជាតិ ដើម្បីឲ្យការសាងសង់ទទួលបាននូវប្រសិទ្ធិភាព និងគុណភាពខ្ពស់ រួមទាំងត្រូវគិតពីសោភ័ណ្ឌភាពឲ្យបានល្អ។ទន្ទឹម នឹងនេះ ក្នុងការសាងសង់ត្រូវជំរុញឲ្យបានលឿន ដោយរដូវវស្សា បានចូលមកដល់ ដូច្នេះការងារសាងសង់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវគិតអំពីចំណុចណា ដែលធ្លាប់តែទទួលរងនូវផលប៉ះពាល់ ដោយសារទឹកហួរកាត់ផ្តាច់ មកជាការដាក់លូវិញ ដើម្បីបញ្ចៀសបាននូវការខូចខាត នៅពេល ក្រោយទៀត ។ដោយឡែក ចំពោះការដ្ឋានស្ថាបនាស្ពាន គឺត្រូវធ្វើការទប់ទឹកឲ្យបានល្អ ដើម្បីឲ្យការងារស្ថាបនាគ្រឹះសរសរស្ពានមានភាពរឹងមាំ ជាប់បាន យូរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់អ្នកទទួលបន្ទុកសាងសង់ ត្រូវយកចិត្តទុកដាក់ និងមានភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងការងារសាងសង់ ដើម្បី ជៀសផុតពីគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រៅពីនោះ សូមឲ្យនៅកន្លែងការដ្ឋានសាងសង់នីមួយៗ ត្រូវដាក់ស្លាកសញ្ញាឲ្យ ដើម្បីជៀសផុតនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕