នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ryosei Tanaka រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានពិភាក្សាអំពីមធ្យោបាយនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងកម្ពុជានិងជប៉ុន ជាពិសេស ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវអាកាស និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំការគាំទ្រពីប្រទេសជប៉ុនក្នុងការបញ្ជូនអ្នកជំនាញមកជួយរៀបចំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការចុះបញ្ជីរថយន្ត ស្លាកលេខរថយន្ត ការប្រឡងទ្រឹស្តីបើកបរ ប័ណ្ណបើកបរ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីបង្ខិតសេវាឱ្យកាន់តែខិតជិតទៅនឹងប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំជំនួយពីប្រទេសជប៉ុនផងដែរក្នុងការជួយដល់ក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ការបង្កើតកំពង់ផែដោយប្រើប្រព័ន្ធEDI និងការលើកកម្ពស់ការជួសជុលថែទាំ និងការសាងសង់ផ្លូវនៅកម្ពុជា។
លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យប្រទេសជប៉ុន ជួយពន្លឿនដំណើរការនៃការសិក្សាលទ្ធភាពសាងសង់ផ្លូវល្ពឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិត ដើម្បីកសាងផ្លូវនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ឯកឧត្តមរដ្ឋមន្រ្តី បានសន្យាថានឹងរក្សាឱ្យបាននូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយថានឹងបញ្ជូនសំណើទាំងអស់ទៅក្រសួងនិងអាជ្ញាធរពាក់ព័ន្ធដើម្បីពិនិត្យ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូចំណាយពេលវេលាអញ្ជើញទៅបំពេញទស្សនកិច្ច និងស្វែងយល់អំពីប្រទេសកម្ពុជា និងដើម្បីវាយតម្លៃអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគឱ្យបានទូលំទូលាយនៅកម្ពុជា។






