នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឯកឧត្តម ស្យង់ ព័រ (H.E. Mr. Xiong Bo) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៧៦ បន្ត។
ផ្លូវជាតិនេះ មានប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគិរី ដល់ តាអង ខេត្តរតនគិរី ដែលចំណាយថវិកាប្រមាណ៩១.៦៨លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយប្រើរយៈពេលសាងសង់អស់ចំនួន៤២ខែ ចាប់ពីឆ្នាំ២០១២ និងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញារធរ ស្ថាប័នពាក់ពន្ធ័ ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលបានផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជា ដើម្បីរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័នដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យបានជោគជ័យ ក៍ដូចជាកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនខ្មែរបានឆាប់រហ័យ។
ចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋទាំងអស់៖
១. ចំពោះអ្នកដឹកទំនិញ សូមមេត្តាកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
២. ចំពោះម្ចាស់រថយន្ត និងម្ចាស់យានដ្ឋាន មិនត្រូវកែច្នៃរថយន្តឲ្យខុសលក្ខណៈបច្ចេកទេស។
៣. ចំពោះក្រុមត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងក្រុមត្រួនពិនិត្យរថយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស ត្រូវបន្តពង្រឹង និងអនុវត្តការងាររបស់ខ្លួនឲ្យបានជោគជ័យបន្ថែមទៀត។
៤. ដើម្បីសាងសង់ផ្លូវថ្នល់-ស្ពានឱ្យមានគុណភាពល្អ និងរឹងមាំ ក៍ដូចជាការថែទាំ និងការជួសជុលផ្ឡូវថ្នល់ឱ្យបានល្អ ក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ ក្រុមហ៊ុនត្រួពិនិត្យបច្ចេកទេសសាងសង់ និងមន្ត្រីជំនាញរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវសហការគ្នាឱ្យបានល្អ និងបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៥. ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតរបស់បងប្អូន អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្ថិភាពជាប់ជានិច្ច។ អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងអស់គ្នា។ អ្នកបើកប មិនត្រូវស្ថិតក្នុងស្ថានភាពស្រវឹង ងងុយដេក ឬបើកបរលើសល្បឿនកំណត់ដាច់ខាត។ យើងត្រូវចងចាំជានិច្ចនូវប្រសាសន៍ដ៍មានតម្លៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ថា “ថ្ងៃនេះនិងថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ។

















