នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធបើកឲ្យប្រើប្រាស់ម៉ាស៊ីន ត្រួតពិនិត្យបច្ចេកទេសយានយន្តចល័ត ជាផ្លូវការលើនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រាជធានីភ្នំពេញ។
ការសម្ពោធដាក់ឲ្យប្រើប្រាស់រថយន្តបច្ចេកវិទ្យាកូរ៉េ HK Car Inspection Co., Ltd. នេះ គឺជាការសម្ពោធដាក់ឲ្យប្រើប្រាស់ជាលើកទីពីរ បន្ទាប់ពីការសម្ពោធដាក់ឲ្យប្រើប្រាស់ជាលើកទីមួយ នូវម៉ាស៊ីត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត របស់ក្រុមហ៊ុន ក្នុងស្រុកមួយឈ្មោះ CMVIC កាលពីដើម ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ។
ការដាក់ឲ្យប្រើប្រាស់បន្ថែមនូវម៉ាស៊ីនត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តចល័តនេះ មានគោលបំណងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សម្រួលដល់ការផ្តល់សេវាសម្រាប់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សនៅទូទាំងប្រទេស និងបង្ខិតសេវានេះឱ្យជិតប្រជាពលរដ្ឋជាមួយនឹងម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទាំងពីរគ្រឿង ដែលនឹងធ្វើការចល័តគ្រប់ ២៥រាជធានី-ខេត្ត។
នៅក្នុងសុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនសាធារណជនអំពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរ និងកាន់តែមានភាពងាយស្រួល។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីប្រព័ន្ធស្វ័យប្រវត្តកម្មចំពោះសេវាសាធារណៈនៅក្រសួងសាធារណការ ដែលក្រសួងគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំក្រោយដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការចុះបញ្ជីយានយន្ត ការផ្ញើសារ SMS រំលឹកចំពោះយានយន្តដែលត្រូវយកមកធ្វើការត្រួតពិនិត្យបច្ចេកទេស ព្រមទាំងកម្មវិធីទូរស័ព្ទស្មាតហ្វូន សម្រាប់លេងកម្សាន្ត និងធ្វើតេស្តសមត្ថភាពមុនពេលប្រឡងយកបណ្ណបើកបរជាក់ស្តែង។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាប់ជូនសាធារណជនផងដែរអំពីការសិក្សាលទ្ធភាពរបស់កំពង់ផែស្វ័យយ័តភ្នំពេញក្នុងការផ្តល់សេវាដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកនៅក្នុងដែនរាជធានីភ្នំពេញផងដែរ។








