ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ មឹន មាណវី អគ្គលេខាធិកា នៃ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក- គ.ស.ច.គ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានអចិន្ត្រៃយ៍ នៃ គ.ស.ច.គ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្តល់អំណោយមួកសុវត្ថិភាព ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស សាលាបឋមសិក្សា កេសរារាម ខេត្តសៀមរាប ចំនួន ៩១៦នាក់ ។
ផ្ដល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងមាតាបិតាសិស្ស» ដែលរៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា សហការជាមួយ គ.ស.ច.គ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រុមហ៊ុនម៉េនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី (Manulife Cambodia) និងអ្នកពាក់ព័ន្ធផ្សេងទៀត។
តាមរយៈពិធីប្រគល់អំណោយមួកសុវត្ថិភាព ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ចំនួន ៩១៦នាក់ នាថ្ងៃនេះ គ.ស.ច.គ មានសុទិដ្ឋិនិយមថា បន្ថែមលើការខិតខំរបស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ដែលបានបញ្ចូលកម្មវិធី អប់រំសុវត្ថិភាពចរាចរណ៍ និងច្បាប់ចរាចរណ៍ ទៅក្នុងម៉ោងសិក្សា និងការប្រឡងនានា នោះការចូលរួមជួយផ្សព្វផ្សាយ ជាលក្ខណគ្រួសារ និងមិត្តភក្រ សិស្សានុសិស្សគ្រប់កម្រឹត គឺពិតជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដើម្បីជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងសង្គមឲ្យមានសុវត្ថិភាព សុខភាព និងកាយសម្បទាមាំទាំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងជាជន្ទល់ក្នុងការថែរក្សា និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើនប្រកបដោយចិរភាព។





