នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាតំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក ដណ្តើមពានរង្វាន់តេជោសែន លើកទី២ ប្រចាំឆ្នាំ២០១៦ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១ ដល់ ២ ធ្នូ ឆ្នាំ២០១៦ នៅមណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន ១១៥នាក់ បានចូលរួមប្រកួតប្រជែង លើ ១០វិញ្ញាសារនាព្រឹកថ្ងៃទី០១ ខែធ្នូ ១២វិញ្ញាសារនារសៀលថ្ងៃទី០១ ខែធ្នូ និង៧វិញ្ញាសារនារសៀលថ្ងៃទី០២ ខែធ្នូ មានដូចជា ហែលរបៀបមេអំបៅ១០០ម៉ែត្រ និង៥០ម៉ែត្រ ហែលសេរី១០០ម៉ែត្រ ហែលរបៀបផ្ងា១០០ម៉ែត្រ ហែលរបៀបកង្កែប១០០ម៉ែត្រ និងហែលរបៀបបណ្តាក់សេរីផងដែរ ។
ក្នុងពិធីប្រកួតយកពានរង្វាន់នេះ ជ័យលាភីលេខ១ ទទួលបានមេដាយមាស១ និងថវិកា ១៥ម៉ឺនរៀល ចំនួន២៨នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា១០ម៉ឺនរៀល ចំនួន២៨នាក់ និង ជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹត១ និងថវិកា ៨ម៉ឺនរៀល ចំនួន២៨។ រីឯជ័យលាភីជាក្រុម លេខ១ ទទួលបានពាន១ និងថវិកា៣០០ដុល្លារ ជ័យលាភីលេខ២ ទទួលបានពាន១ និង ថវិកា២០០ដុល្លារ និង ជ័យលាភីជាក្រុមលេខ៣ ទទួលបានពាន១ និង ថវិកា១០០ដុល្លារ។
បន្ថែមលើរង្វាន់ខាងលើ ឯកឧត្តម ប្រធានសហពន្ធ័ បានឧបត្ថម្ភបន្ថែម ដល់ កីឡារករ កីឡាការិនី ទាំង១១៥នាក់ ម្នាក់ៗ ទទួលបានថវិកា៥មុឺនរៀល សហពន្ធ័ខ្មែរកីឡាហែលទឹក ចំនួន ៤លានរៀល គណៈកម្មាការបច្ចេកទេស ៤លានរៀល គ្រូបង្វឹក៦នាក់ ម្នាក់ៗ ២០ម៊ឺនរៀល និងថវិកា៣លានរៀល សម្រាប់គ្រូពេទ្យ សន្តិសុខ និងអ្នកសារព័តមាន។
ចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជម្រុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើង ក្នុងព្រឹត្តិការណ៍សុីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតនានាក្នុងតំបន់ និង អន្តរជាតិផងដែរ។
























