នៅថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំបានពិភាក្សា លើរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការត្រួតពិនិត្យតាមដាន ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលចងក្រងដោយគណៈកម្មាធិការ។
របាយការណ៍នេះ ផ្តោតសំខាន់ទៅលើបញ្ហាចំបងនានា ទាក់ទងនឹងការតាក់តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ និងឯកទេសជំនាញ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណជន បញ្ហានិងភាពប្រឈម ផែនការ និងទិសដៅអនុវត្តការងារបន្ត។
ជាលទ្ធផល នៃកិច្ចប្រជុំបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុង ខែវិច្ឆិកាកន្លងទៅនេះ កើតមានចំនួន ៣៣៧ លើក បណ្តាលឲ្យស្លាប់ចំនួន ១៥១ នាក់ និងរបួស ៦០៩ នាក់ មួយថ្ងៃ ស្លាប់ចំនួន៥នាក់។
បានត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក លើយានយន្តសរុបចំនួន ៥០៩.៣៨៧ គ្រឿង ក្នុងនោះមានល្មើសច្បាប់ ស្មើ១៣% ហើយបានធ្វើការអប់រំចំនួន ១៨.៧៨៧ គ្រឿង។
កិច្ចប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈម ចំពោះសុវត្ថិភាពដឹកអ្នកដំណើរ ជាពិសេសសុវត្ថិភាព ក្នុងការដឹកកម្មករនិយោជិត និងតម្រូវការក្នុងកិច្ចការសង្គ្រោះបឋម ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំលើកឡើងក៏បានលើកឡើង អំពីដំណោះស្រាយចំពោះ សុវត្ថិភាពដឹកអ្នកដំណើរនេះ តាមរយៈការបន្តពង្រីកការអប់រំផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោគ ដល់កម្មករនិយោជិត និងអ្នកបើកបរដឹកកម្មករនិយោជិត។ ចំពោះការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើទៅសាលារាជធានីភ្នំពេញឲ្យជួយជំរុញការផ្សព្វផ្សាយ អំពីមូលហេតុនៃការធ្វើផ្លូវទាំងយប់ទាំងថ្ងៃ ក៏ដូចជាការមិនអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ក្រុងនៅពេលថ្ងៃផងដែរ។
កិច្ចប្រជុំក៏បានលើកឡើងផងដែរអំពីជោគជ័យរបស់ គ.ស.ច.គ. ដែលបានទទួលពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍នៃព្រះអង្គម្ចាស់ Michael នៃចក្រភពអង់គ្លេស (Prince Michael International Road Safety Award) ផងដែរ។ ការទទួលពានរង្វាន់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរួមពីគ្រប់មជ្ឍដ្ឋាន ក្នុងនោះមានការប្តេជ្ញារបស់រាជរដ្ឋាភិបាល ការខិតខំរបស់មន្ត្រីអនុវត្តន៍ច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការជាតិ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ក៏មានការចាក់បញ្ចាំងស្ពតអប់រំ ស្តីពីផលប៉ៈពាល់ទៅកាន់ក្រុមគ្រួសារ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាវីដេអូរយៈពេល៥នាទី ដើម្បីស្នើសុំយោបល់ បន្ថែមពីសមាជិក គ.ស.ច.គ. ក្នុងការធ្វើឲ្យស្ពតអប់រំនេះ ឲ្យកាន់តែមានភាពទាក់ទាញ និងមានការចាប់អារណ៍ផងដែរ។






