Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការគាំទ្រ (Likes) ពីប្រិយមិត្តប្រមាណកន្លះលាននាក់ នៅលើទំព័រហ្វេសប៊ុក​ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

$
0
0

ប្រិយមិត្តអ្នកគាំទ្រទំព័រ​ហ្វេសប៊ុក ​ក្រសួងសាធារណការ និងដឹកជញ្ជូន ​ជាទីមេត្រី!

ថ្ងៃនេះយើង​ខ្ញុំ​មានកិត្តិយស​ជាអនេក ដែលបានទទួល ការគាំទ្រ (Likes) ពីប្រិយមិត្តប្រមាណកន្លះលាននាក់ នៅលើទំព័រហ្វេសប៊ុក​ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។  ក្នុងរយៈពេល ១០ខែ ​ដែលខ្ញុំបាន មកកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្រសួងបានធ្វើកំណែទម្រង់​សំខាន់ៗជាច្រើន។ 

យើងខ្ញុំបានកែសម្រួល និងធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធក្រសួងឡើងវិញ និងបានផ្លាស់ប្តូរមន្ត្រី សំដៅ បង្កើនប្រសិទ្ធភាពការងារ។

ជាមួយនេះផងដែរយើងខ្ញុំ បានរៀបចំនីតិវិធីការងារ នៃការសាងសង់ ជួសជុលផ្លូវខូច និងគ្រលុក សំបុកមាន់ ថែទាំផ្លូវថ្នល់ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

យើងខ្ញុំក៏បានតភ្ជាប់ផ្លូវដែកកម្ពុជាមួយចំនួនឡើងវិញ និងបន្តបើកការដ្ឋានតភ្ជាប់ផ្លូវដែកបន្ថែមទៀត ដើម្បីចូលរួមចំណែក កាត់បន្ថយចំណាយ លើការដឹកជញ្ជូននៅកម្ពុជា។ ជាពិសេសយើងខ្ញុំកំពុង ខឹតខំប្រឹងប្រែង បង្កើតឲ្យមានការដឹកជញ្ជូន អ្នកដំណើរ​តាមរថភ្លើងទៅមក រវាង​រាជធានី​ភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង​ រាជធានី​ភ្នំពេញ-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ យើងខ្ញុំ ក៏កំពុងសិក្សាលទ្ធភាពក្នុងការកសាង​ផ្លូវល្បឿនលឿន ចំនួនពីរខ្សែ​ផងដែរ។

ក្រៅពីនេះក្រសួងកំពុងរៀបចំពង្រីកកំពង់ផែ និងកំពុងរៀបចំប្រព័ន្ធ Port EDI សម្រាប់ធ្វើបែបបទនាវា ចេញ-ចូល Online ដើម្បីពន្លឿននីតិវិធីការងារ និងកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវ សមុទ្រ។

ថ្មីៗនេះ ក្រសួងបានដាក់ឲ្យដំណើរការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ ចុះឈ្មោះប្រឡង និងផ្តល់បណ្ណបើកបរយានយន្ត ដោយបានកាត់បន្ថយ នីតិវិធី រដ្ឋបាល ហើយផ្តល់សេវាងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋក៏អាចទាញយក កម្មវិធីយល់ដឹងពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ មកប្រើប្រាស់ដោយ ឥតគិតថ្លៃ​ ដើម្បីស្វែងយល់ និងត្រៀមប្រឡងយកបណ្ណបើកបរបាន។ ជាពិសេសជាងនេះទៅទៀត គឺការ ដាក់ដំណើរការ មណ្ឌលប្តូរ និងពន្យាបណ្ណបើកបរ នៅផ្សារទំនើប AEON Mall ដែលផ្តល់សេវាឈានមុខគេ ដំណើរការ ១២ម៉ោង ក្នុងមួយថ្ងៃ និង ០៧ថ្ងៃ ក្នុងមួយសប្តាហ៍។
ប្រិយមិត្តជាទីមេត្រី! យើងខ្ញុំបានអានទាំងអស់ នូវរាល់មតិយោបល់ និងការចែករំលែកព័ត៌មានពីប្រិយមិត្ត​ នៅលើទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងយកចិត្តទុកដាក់បំផុត។ ព័ត៌មានពីលោកអ្នក កំពុងត្រូវបានប្រើប្រាស់នៅក្នុង សកម្មភាពកំណែទម្រង់ លើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។ សូមប្រិយមិត្តទាំងអស់មេត្តាបន្តផ្តល់ព័ត៌មាន និងមតិយោបល់ស្ថាបនា មកកាន់យើងខ្ញុំ ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើង មួយកម្រិតទៀតនូវវិស័យនេះ។

ដោយការគោរព រាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ

ចាន់ថុល!


Viewing all articles
Browse latest Browse all 619

Trending Articles