នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមានៅព្រះវិហារវត្តសំពៅមាសកែវមុនី ដែលមានទីតាំងឋិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១០២៤នាក់ មកពីឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំឭកជូនបងប្អូនប្រជាពលរដ្ឋថា៖ បើប្រទេសយើងគ្មានសុខសន្តិភាព និងគ្មានស្ថេរភាពនយោបាយដែលទទួលបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ។ល។ នោះទេ នោះយើងនឹងមិនអាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងមិនអាចទាក់ទាញទេសចរណ៍មកលេងកម្ពុជាដូចសព្វថ្ងៃនេះបានឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ សុខសន្តិភាព និងស្ថេរភាពនយោបាយនេះបានធ្វើឱ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ១១ និង១២ ខែឧសភាឆ្នាំ២០១៧ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវមេដឹកនាំនយោបាយ និងមេដឹកនាំធុរកិច្ច សង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវសំខាន់ៗប្រមាណ៦០០រូប និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់កើតមានពីមុនមកនៅកម្ពុជា។




























