នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់កុសល តំណាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សកម្មភាពការងារប្រចាំខែមេសា ឆ្នាំ២០១៧ ស្តីពីការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលចងក្រងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
យោងតាមរបាយការណ៍បង្ហាញឱ្យឃើញថា៖ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុងខែមេសាមានចំនួន៣៧៤ករណី បណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន១៧៨នាក់ និងរងរបួសចំនួន៦៨៣នាក់ គិតជាមធ្យមមានមនុស្សស្លាប់ចំនួន៥.៩នាក់ និង២២.៧នាក់ក្នុងមួយថ្ងៃ។ បើធ្វើការប្រៀបធៀបជាមួយតួលេខក្នុងខែមេសា ឆ្នាំ២០១៦កន្លងទៅ អត្រាអ្នកស្លាប់មានការថយចុះ៥% និងរបួស៧%។









