នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ លោក គង់ សុផល អគ្គនាយករងដឹកជញ្ជូនផ្លូវគោក បានចូលរួមធ្វើជាវាគ្មិន ក្នុងកិច្ចប្រជុំ អាស៊ាន បូកបី (ចិន ជប៉ុន កូរ៉េ) ស្តីពី ការលើកកំពស់ការតភ្ជាប់ក្នុងតំបន់ និងឆ្ពោះទៅសហគមន៍អាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងធនាគារធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារ អភិវឌ្ឍន៍ចិន (CDB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), ដែលបង្ហាញពីការត្រៀម ខ្លួនក្នុងការជួយដល់អាស៊ាន ពិសេសដើម្បីអនុវត្តផែនការថ្មី ស្តីពីការតភ្ជាប់អាស៊ាន ២០២៥។
លោក គង់ សុផល បានជំរាបជូន ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សកន្លងមក ក្នុងការអភិវឌ្ឍប្រទេស ពិសេសតាមរយៈយុទ្ធសាស្រ្តចតុកោណដែលរាជរដ្ឋាភិបាលបានដាក់ជាអាទិភាពលើការស្តារវិស័យដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស កំពង់ផែ និងជាពិសេសបណ្តាញផ្លូវជាតិ ដែលធ្វើការអភិវឌ្ឍ និងតភ្ជាប់ទៅអនុតំបន់ ឬតំបន់ផ្សេងទៀត។
បច្ចុប្បន្ននេះ បណ្តាញគមនាគមន៍កម្ពុជាអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការតភ្ជាប់ទៅបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដោយមិនមានបង្កជាឧបសគ្គឡើយ។ ស្របជាមួយគ្នានេះផងដែរ កម្ពុជាក៏បានដាក់ជាយុទ្ធសាស្រ្ត ក្នុងការសាងសង់ផ្លូវ តាមបណ្តោយព្រំដែន ក្នុងគោលបំណងពង្រីកចំណងមិត្តភាព សហប្រតិបត្តិការ តាមព្រំដែនប្រទេសជិតខាង ដែលមកដល់ពេលនេះបានរួចរាល់ប្រមាណ ៧០% ហើយ ដែលធ្វើអោយការតភ្ជាប់តាមផ្លូវគោក កាន់តែមានភាពល្អប្រសើរជាងមុន ។
ជាមួយនឹងបណ្តាញ គមនាគមន៍នានា ពិសេសផ្លូវជាតិ បានតភ្ជាប់គ្នារួចហើយនោះ តំណាងកម្ពុជា បានស្នើឲ្យ បណ្តាប្រទេសជាសមាជិក ខិតខំសហការគ្នា ដើម្បីចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលការងារដឹកជញ្ជូន នានាដែលបានចុះហត្ថលេខាកន្លងមក ដូចជាកិច្ចព្រមព្រៀង ស្តីពីការសម្របសម្រួលការងារដឹកជញ្ជូនឆ្លងកាត់ក្នុងមហាអនុតំបន់មេគង្គ (GMS Cross Border Transport Facilitation Agreement), កិច្ចព្រមព្រៀង ស្តីពីការសម្របសម្រួលការងារដឹកជញ្ជូនទំនិញឆ្លងកាត់ក្នុងតំបន់អាស៊ាន (ASEAN Framework Agreement on the Facilitation of Goods in Transit, AFAFGIT) និងកិច្ចព្រមព្រៀងដទៃៗទៀត ដែលថ្នាក់ដឹកនាំ បានឯកភាព និងទទួលបានសច្ចាប័ន ពីស្ថាប័ននិតិបញ្ញត្តិ រួចរាល់ហើយ។ កម្ពុជា ក៏បានស្នើឲ្យ បញ្ចូលមន្រ្តីបច្ចេកទេស នៃបណ្តាប្រទេសអាស៊ីខាងកើត ទាំងបី ចូលរួមជាមួយក្រុមការងារជំនាញនានា របស់អាស៊ាន ដើម្បីសហការអនុវត្ត សេចក្ដីសម្រេចរួម កិច្ចព្រមព្រៀង និងផែនការនានា ដែលអនុម័តដោយថ្នាក់ ដឹកនាំ អាស៊ាន បូកបី កន្លងមក។