នៅព្រឹកថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទិស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអនុញ្ញាតិឲ្យ គណៈប្រតិភូខេត្តហ៊ឺណានសាធារណៈរដ្ឋប្រជាមានិតចិនចូលជួបសំដែងការគួរសម និងភាក្សាការងារ ។
នៅក្នុងជំនួបនេះ ឯកឧត្តម ត្រាំ អ៊ីវតឹក បានថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលតែងតែបន្តការផ្តល់ជំនួយនិងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយកម្ពុជាលើគ្រប់វិស័យជាពិសេសខាងផ្នែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លើវិស័យសាធារណៈការ និងដឹកជញ្ជូនគឺជាមធ្យោបាយ ដែលអាចឱ្យកម្ពុជាមានលទ្ធភាពកសាងនិងអភិវឌ្ឍប្រទេសដោយខ្លួនឯងបាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវស្ពានខ្វាត់ខ្វែងចាប់ពីទីក្រុងរហូតដល់ជនបទនិងលាតសន្ធឹងទៅដល់ព្រំដែននៃប្រទេស និងក៏កំពុងកសាងជាបន្តបន្ទាប់ទៀតជាជំហានៗ ដើម្បីបំរើឱ្យសេចក្តីត្រូវការជាក់ស្តែងនូវចំនួនយានយន្តកាន់តែច្រើនក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូននិងការទំនាក់ទំនង ហើយថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានឯកភាពរួចហើយស្តីពីការអភិវឌ្ឍផ្លូវល្បឿន លឿននៅកម្ពុជា ដែលជាជំហានដំបូងនេះវិទ្យាសា្ថនស្រាវជ្រាវគម្រោងប្លង់នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តហឺណានសាធារណៈរដ្ឋប្រជាមានិតចិន មានគម្រោងនឹងសាងសង់មុនគេនូវផ្លូវល្បឿនលឿននេះដែលប្រវែងប្រមាណ៩,៣៥៨km ពីចំនុចព្រះសត្យមុន្នីចេតីយ៍ខាងមុខស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញ ស្របតាមផ្លូវដែកឆ្ពោះទៅដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងតំបន់ពោធិចិនតុង។
លោក ចាវ ជៀនឆាយ (Zhao jian chhai) អភិបាលរងខេត្តហ៊ឺណានបានគូសបញ្ជាក់ថាខេត្តហ៊ឺណានមានក្រុមហ៊ុនធំៗចំនួន៦ដែលបាននឹងកំពុងវិនិយោគនៅកម្ពុជា ក្នុងនោះមានទំហំទឹកប្រាក់ចំនួនជាង១០០លានដុល្លាអាមេរិក ក្នុងនោះមានផ្លូវល្បឿនលឿនផ្លូវជាតិ៩៥ និងតំបន់ផ្លូវថ្នល់ជាច្រើនកន្លែងទៀតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីខេត្តហ៊ឺណានបានចុះហត្ថលេខាជាមួយភាគីខាងក្រសួងសាធារណៈការនិរដឹកជញ្ជូនកាលពីឆ្នាំ២០១២កន្លងមកនេះ។ ឆ្លងតាមរយៈនៃដំណើរទស្សនៈកិច្ចរបស់គណប្រតិភូខេត្តហ៊ឺណាននៅកម្ពុជាពេលនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានធ្វើការឯកភាពនូវសំណើររបស់ភាគីខេត្តហ៊ឺណានដែលសុំឱ្យមានការធ្វើទស្សនៈកិច្ចរបស់គណប្រតិភូកម្ពុជាទៅខេត្តហ៊ឺណាននាពេលណាមួយដែលចាំបាច់។
តំណាងក្រុមការងារនៃភាគីចិនបានឲ្យដឹងថា៖ វិទ្យាសា្ថនបានយល់ព្រមស្តីពីការសាងសង់នេះ។ គម្រោងនៃការសាងសង់ ផ្លូវអាកាសល្បឿនលឿន ក្នុងជំហានដំបូងនេះធ្វើឡើង បន្ទាប់ពីវិទ្យាស្ថានបានបញ្ចប់កិច្ចការរបស់ខ្លួន សី្តពីការពង្រៀងនៃការបង្កើតប្លង់មេផ្លូវល្បឿនលឿននៅកម្ពុជា និងបញ្ចប់ឯកសារប្លង់មេនេះ កាលពីខែមេសា ឆ្នាំ២០១៤។ លោក បានបញ្ជាក់ទៀតថា ក្រុមហ៊ុន នឹងធ្វើកុងត្រាចាប់ដំណើរការបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពីមានការឯកភាពពីក្រសួងសាធារណៈការនិងដឹកជញ្ជូនជាមុនសិន។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា គម្រោងការវិនិយោគលើវិស័យសាធារណៈការនៅ កម្ពុជារបស់វិទ្យាសា្ថននាពេលនេះ គឺជាគោលនយោបាយនៃយុទ្ធសាស្ត្ររបស់ប្រទេសជាមិត្ត និងជាដៃគូរអភិវឌ្ឍមិនខ្វះបានសំរាប់កម្ពុជាដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អទិភាពយ៉ាងខ្ពស់បំផុត លើបណ្តាញផ្លូវល្បឿនលឿននៅកម្ពុជាដើម្បីរួមចំណែកជួយជម្លៀសការកកស្ទះចរាចរនៅក្នុងទីក្រុងនិងទីប្រជុំជនធំៗ ស្របតាមសភាពការវិវត្តន៍រីកចំរើន ខាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មមានការលំហូរចូលយ៉ាងច្រើនចំនួនយានយន្តនិងទេសចរនៃប្រទេស៕