នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក Alassane Sow ប្រធានគ្រប់គ្រង របស់ធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា ដែលអមដំណើរដោយ លោកស្រី Inguna Dobraja ប្រធានផ្នែកគ្រប់គ្រងប្រចាំកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី។
លោក Sow បានសម្តែង ការកោតសរសើរ ចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងអាណត្តិទទួលបន្ទុក ការងាររបស់លោកនៅកម្ពុជា។ លោកក៏បានណែនាំ ប្រធានគ្រប់គ្រង ប្រចាំកម្ពុជា ដែលទើបបានទទួលតំណែងថ្មី ជំនួសរូបលោកផងដែរ គឺ លោកស្រី Dobraja។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរ ចំពោះធនាគារពិភពលោក ព្រមទាំងបានថ្លែងផងដែរថា ឯកឧត្តម រងចាំបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយលោកស្រី Dobraja ដើម្បីធ្វើឱ្យប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរ អំពីតម្រូវការការគាំទ្រ ជាបន្ទាន់ពីធនាគារពិភពលោក ដើម្បីផ្តល់ហិរញ្ញវត្ថុគាំទ្រ ដល់ការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅកម្ពុជា និងបានអញ្ជើញ លោកស្រីប្រធានគ្រប់គ្រង ដែលទើបទទួលការ តែងតាំងថ្មីនៃធនាគារពិភពលោក ប្រចាំកម្ពុជា ដើម្បីចូលរួមជាសមាជិក ក្រុមប្រឹក្សាយោបល់ ផ្នែកដឹកជញ្ជូន ដែលមានបេសកម្ម កាត់បន្ថយការចំណាយ លើការដឹកជញ្ជូននៅក្នុងប្រទេស។







