នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងក្រុមការងារ របស់ក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានរួមគ្នាពិភាក្សាអំពីបញ្ហា នៃការដឹកជញ្ជូន លើស ទម្ងន់កំណត់នៅតាមដងផ្លូវ ការដឹកសំពីងសំពោង និងការដឹកខ្សាច់ ក្រួស ថ្ម ដោយគ្មានការវេចខ្ចប់ត្រឹមត្រូវ ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់ ការធ្វើដំណើរ និងសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋយើង។
ដើម្បីចូលរួមពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ផ្លូវថ្នល់ ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសដើម្បីដោះស្រាយ បញ្ហាខាងលើនេះ កិច្ចប្រជុំក៏បានឯកភាពគ្នា លើវិធានការសំខាន់ៗមួយ ចំនួនដូចជា៖ ១. ពង្រីកការផ្សព្វផ្សាយ ណែនាំ និងអប់រំបន្ថែមទៀត ដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ដឹកជញ្ជូន ទាំងអស់ លើមាត្រាជាក់លាក់មួយចំនួន នៃច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ ផ្លូវថ្នល់ដែលពាក់ព័ន្ធនឹងបញ្ហាការដឹកលើសទម្ងន់កំណត់ នៅតាមដងផ្លូវ ការដឹកសំពីងសំពោង និងការដឹក ខ្សាច់ ក្រួស ថ្ម និងទំនិញផ្សេងៗ ដោយគ្មានការវេចខ្ចប់ត្រឹមត្រូវ ធ្វើឲ្យខូចខាតផ្លូវ ប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់តាមដងផ្លូវ ២. ផ្តួចផ្តើមនូវកិច្ចសហការគ្នា រវាងក្រុមការងារជញ្ជីងចល័តរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រុមការងារក្រសួងរ៉ែនិងថាមពល និង នគរបាលចរាចរណ៍ តាមរយ: ការបង្កើនការ ត្រួតពិនិត្យ ដោយមិនប្រាប់ជាមុន ដើម្បីទប់ស្កាត់បញ្ហាដែលបានពិភាក្សាខាងលើ តាមសមត្ថកិច្ចរបស់ស្ថាប័នរៀងៗខ្លួន ៣. ពិនិត្យមើលអនុក្រឹតដែលមាន និងលទ្ធភាពក្នុងការកែសម្រួល បញ្ចូល សមាសភាពនគរបាលចរាចរណ៍ ទៅក្នុងក្រុមការងារជញ្ជីងចល័តដែលមានស្រាប់ ដើម្បីពង្រីក វិសាលភាពនិងសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ផ្លូវថ្នល់។




