នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Samiuela Tukuafu នាយកធនាគារអភិឌ្ឍន៍អាស៊ី ដែលមាននិវេសដ្ឋាន ប្រចាំនៅកម្ពុជា(CARM)។
លោក Tukuafu បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពីសកម្មភាពដ៏មានសារៈសំខាន់ចំនួនពីរដែលនឹងប្រព្រឹត្តិទៅនៅកម្ពុជានាពេលខាងមុខនេះក្នុងឱកាសនៃការប្រារព្ធពិធីខួបលើកទី៥០ នៃធនាគារអភិវឌ្ឍន៍អាស៊ី។
CARM នឹងរៀបចំ វេទិការពិភាក្សាពិគ្រោះយោបល់ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ននានា វិស័យឯកជន និងបណ្តាអ្នកទទួលអត្ថប្រយោជន៍ ដែលបានជ្រើសរើសទាំងឡាយ និងមានការប្រលងសរសេរអត្ថបទ ដែលផ្ដោតជាសំខាន់ទៅលើនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាដើម្បីស្រាវជ្រាវ និងសរសេរអំពីការចូលរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងវិស័យនានាដែលធនាគារអភិវឌ្ឍន៍អាស៊ីអាចជួយបាននាពេលអនាគត។
គោលបំណងនៃព្រឹត្តិការណ៍ទាំងនេះរៀបចំឡើងដើម្បីគូសបញ្ជាក់អំពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក Tukuafu ក៏បានអញ្ជើញឯកឧត្តមទេសរដ្ឋមន្រ្តីជាផ្លូវការដើម្បីចូលរួមក្នុងវេទិការពិភាក្សាពិគ្រោះយោបល់ជាន់ខ្ពស់នៅខែតុលានេះ ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះធនាការអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ការគាំទ្រជាបន្តក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានទទួលយកការអញ្ជើញរបស់លោក Tukuafu ដើម្បីចូលរួមក្នុងវេទិការ ពិភាក្សាពិគ្រោះយោបល់ជាន់ខ្ពស់ នោះផងដែរ។




