នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជា មួយក្រុម ពីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញបំពេញទស្សនកិច្ច នៅក្រុមហ៊ុនសំណង់ចិន China Communications Construction Company Ltd (CCCC) ដែលជាក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់ទី១១០ នៅឆ្នាំ២០១៦ ក្នុងចំណោមក្រុមហ៊ុន សាជីវកម្មលំដាក់ថ្នាក់ពិភពលោក ចំនួន៥០០ (Global Fortune 500)។
លោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់ CCCC បានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីការធ្វើអាជីវកម្មនានា របស់ក្រុមហ៊ុន CCCC ដែលរួមមានទាំង ការរៀបចំយុទ្ធសាស្រ្ត វិស័យជំនាញឯកទេស ដែលពាក់ព័ន្ធនឹងការរចនាប្លង់ និងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អាជីវកម្មផលិតគ្រឿងចក្រធុនធ្ងន់ និងគ្រឿងចក្រ សម្រាប់បូមស្តារ ការអភិវឌ្ឍសំណង់ជាយក្រុង និងគំរូអាជីវកម្មផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការ។
CCCC ជាក្រុមហ៊ុនរចនាប្លង់ និងសាងសង់កំពង់ផែ ដ៏ធំជាងបំផុតមួយ នៅក្នុងប្រទេសចិន និងជាក្រុមហ៊ុនឈានមុខគេ លើការរចនាប្លង់ និងសាងសង់ស្ពានថ្នល់ ផ្លូវដែក និងជាក្រុមហ៊ុនបូមស្តារ ដ៏ធំបំផុតនៅប្រទេសចិន និងធំជាងគេទីពីរ (ទាក់ទងនឹងសមត្ថភាពបូមស្តារ) នៅក្នុងពិភពលោក។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនផលិតដងស្ទូចកុងទ័រណឺដ៏ធំជាងគេ របស់ពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣៤ ក្រោមការគ្រប់គ្រងជាកម្មសិទ្ធិ ទាំងស្រុងរបស់ CCCC។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះក្រុមហ៊ុន CCCC ដែលបានផ្តល់ការគាំទ្រ ដល់សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាក្រុមហ៊ុនតំណាង ឲ្យក្រុមហ៊ុន CCCC នៅកម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែមទៀត ពីក្រុមហ៊ុន CCCC លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅកម្ពុជាដែលរួមមាន៖ ការផ្គត់ផ្គង់ ឧបករណ៍ និងការកសាងសមត្ថភាព សម្រាប់ការជួសជុលថែទាំផ្លូវថ្នល់។
លោកប្រធាន Liu Quitao បានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងដើម្បីក្លាយជាដៃគូយុទ្ធសាស្រ្ត ជាមួយកម្ពុជា សម្រាប់គម្រោងវិនិយោគជាច្រើនទៀត។ លោកក៏បានយល់ព្រម គាំទ្រលើការកសាងសមត្ថភាព សម្រាប់មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្គត់ផ្គង់ឧបករណ៍បរិក្ខារ សម្រាប់ការថែទាំនិងជួសជុល ផ្លូវថ្នល់តូចៗ ជាប្រចាំ នៅកម្ពុជាផងដែរ។




