នៅរសៀលថ្ងៃទី២៥ សីហា ២០១៦ ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ច នៅកំពងផែអន្តរជាតិ International Cruise Home Port និងស្ថានីយ៍កុងតឺន័រអន្តរជាតិ នៅប៉ាស៊ីហ្វិក (Pacific International Container Terminal)។
កំពង់ផែ Tianjin គឺជាកំពង់ផែដ៏ធំជាងគេបំផុតមួយ នៅភាគខាងជើងប្រទេសចិន និងជាផ្លូវសមុទ្រដ៏សំខាន់មួយ ទៅកាន់ ទីក្រុងប៉េកាំង។ កំពង់ផែនេះ បានគ្រប់គ្រងទំនិញប្រមាណ ៥០០លានតោន និងកុងតឺន័រប្រមាណ១៣លាន TEU នៅក្នុងឆ្នាំ២០១៣ ធ្វើឲ្យកំពុងផែនេះ ក្លាយជាកំពង់ផែដ៏ធំបំផុតទីបួន របស់ពិភពលោក បើគិតពីសមត្ថភាពផ្ទុកបរិមាណ ទំនិញជាតោន និងធំបំផុតទីប្រាំបួន បើគិតលើបរិមាណកុងតឺន័រ។
លោក Wang Wei អនុប្រធានកំពង់ផែ Tianjin និងលោក Wu Bing Jun ប្រធានគណៈកម្មការដឹកជញ្ជូន ទីក្រុង Tianjin បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ អំពីប្រតិបត្តិការ ឋបនីយភណ្ឌផែ ផលិតភាព សមត្ថភាពផ្ទុក និងសេវាដឹកជញ្ជូនទំនិញ របស់កំពង់ផែនេះ។ ថ្នាក់ដឹកនាំកំពុងផែ បានសម្តែងនូវចំណាប់អារម្មណ៍ លើការបង្កើតកិច្ចសហប្រតិបត្តិការ រវាងកំពង់ផែ Tianjin និងកំពង់ផែទាំងពីរ របស់កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ភាគីចិន និងបានស្នើឲ្យកំពុងផែ Tianjin និងកំពង់ផែកម្ពុជា រិះរកវិធីបង្កើតកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទៅវិញទៅមកបន្ថែមទៀត នូវបទពិសោធន៍ និងការអនុវត្តល្អៗ ទាក់ទងនឹងការអភិវឌ្ឍ និងការប្រតិបត្តិរបស់កំពង់ផែ។




