ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។
សហដឹកនាំនៃកិច្ចប្រជុំ រួមមាន ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនថៃ និង លោក Hideaki Iwasaki នាយកផ្នែកដឹកជញ្ជូន និងគមនាគមន៍ តំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី និងចូលរួមដោយបណ្តារដ្ឋមន្រ្តីដឹកជញ្ជូន នៃមហាអនុតំបន់មេគង្គ និងតំណាងមកពីប្រទេសកម្ពុជា ឡាវ ភូមា ថៃ វៀតណាម និងចិន។
រដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងបានស្នើឱ្យ ADB បន្តដើរតួនាទីជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការរួម និងសម្របសម្រួលការអនុវត្តន៍សាកល្បងកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) និងធ្វើបច្ចុប្បន្នភាពនីតិវិធីអនុវត្ត, និងកៀងគរការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដោយហេតុថា ការផ្តោតលើការអភិវឌ្ឍន៍សមត្ថភាពរយៈពេលវែង គឺមានសារៈសំខាន់ និងចាំបាច់ត្រូវមានសកម្មភាពបន្ត និងគំនិតផ្តួចផ្តើមថ្មី។
រដ្ឋមន្រ្តីអបអរសាទរចំពោះប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានចុះហត្ថលេខាលើ៖ ១.) សេចក្តីបន្ថែម នៃអនុស្សរណៈយោគយល់គ្នាលើការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ ដើម្បីបង្កើនកូតាយានយន្តបច្ចុប្បន្ន ពី ៤០ ដល់ ១៥០គ្រឿង និង ២.) កិច្ចព្រមព្រៀងសាងសង់ស្ពានថ្មីនៅ ស្ទឹងបត់-បានណងអៀន (ច្រកទ្វារព្រំដែនកម្ពុជា-ថៃ)។
រដ្ឋមន្រ្តីបានស្វាគមន៍វឌ្ឍនភាពក្នុងកិច្ចសម្រួលបែបបទឆ្លងដែន តាមរយៈ ការអនុវត្តន៍ពេញលេញ ការពិនិត្យរួមគ្នាតែម្តង/ការត្រួតពិនិត្យក្នុងបង្អូចតែមួយ (SSI/SWI) នៅច្រកព្រំដែន Lao Bao-Dansavanh រវាងឡាវ និងវៀតណាម ហើយរំពឹងថា ចាប់ផ្តើមការអនុវត្តន៍ (SSI/SWI) នៅឆ្នាំ២០១៧ នៅច្រកព្រំដែន Savannakhet-Mukdahan និងនៅច្រកព្រំដែនផ្សេងទៀត ដូចមានចែងក្នុងពិធីសារ ទី១ នៃ CBTA។
ដោយទទួលស្គាល់ពីសារៈសំខាន់នៃការប្រមូលទិន្នន័យ ការត្រួតពិនិត្យ និងការវាយតម្លៃ ដើម្បីវាស់វែង វឌ្ឍនភាពកិច្ចសម្រួលពាណិជ្ជកម្ម និងដឹកជញ្ជូន (TTF) និងការផ្តល់ព័ត៌មានដល់អ្នកធ្វើការសម្រេចចិត្តគោលនយោបាយ នៃមហាអនុតំបន់មេគង្គ រដ្ឋមន្ដ្រីបានឯកភាព ធ្វើឱ្យប្រសើរឡើង ការត្រួតពិនិត្យ និងការវាយតម្លៃ TTF ក្នុងមហាអនុតំបន់មេគង្គ រួមមាន ការអនុវត្តន៍ CBTA តាមរយៈការប្រមូល និងផ្ញើជូនប្រចាំឆ្នាំ ទិន្នន័យ TTF នៅច្រកព្រំដែនដែលមានចែងនៅក្នុងពិធីសារទី ១ នៃ CBTA។ រដ្ឋមន្រ្តីបានជំរុញ ឧត្តមមន្រ្តី នៃគណៈកម្មាធិការ សម្របសម្រួលការដឹកជញ្ជូនជាតិ បន្តធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវ នៃទិន្នន័យដែលប្រមូលបាន និងការធ្វើឱ្យស៊ីសង្វាក់គ្នាទិន្នន័យរវាងប្រទេសដែលមានព្រំដែនជាប់គ្នា។
រដ្ឋមន្រ្តីបានឯកភាពលើ សេចក្តីថ្លែងការណ៍ នៃគណៈកម្មាធិការរួមលើកទី ៥ ដែលរួមមាន របាយការណ៍របស់ឧត្តមមន្រ្តី (អនុសាសន៍ និងបែបបទសម្រាប់ការចាប់ផ្តើមអនុវត្តន៍ លិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់មហាអនុតំបន់មេគង្គ និងលិខិតអនុញ្ញាតបណ្តោះអាសន្ន) និងផែនការការងារសម្រាប់ការអនុវត្តន៍ពេញលេញ CBTA។










