នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវលំ ចំនួន៣ខ្សែរួមមាន ផ្លូវបេតុងចំនួនមួយខ្សែប្រវែង ១១០០ ម៉ែត្រ និងផ្លូវដីក្រាលថ្មចំនួន២ខ្សែប្រវែង ៣០០០ ម៉ែត្រ ព្រមទាំងចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងឃុំកោះធំ “ក” ស្រុកកោះធំ ខេត្តកណ្តាល។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការ ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងបង្កើនសេដ្ឋកិច្ចជាតិផងដែរ។






